ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានលម្អិត៖​ មន្ត្រី​កងរាជអាវុធហត្ថ​ ដែលបាញ់​សម្លាប់ប្រពន្ធចុង​ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយនោះ​ គឺផ្តើម​ចេញពី​រឿង​ភ្លើង​ប្រចណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែរឿងប្រចណ្ឌ​ បុរសម្នាក់ដែលជាមន្ត្រី​កងរាជអាវុធហត្ថ​ឋានន្តរសក្ដិ​ថ្នាក់​វរសេនីយ៍ទោ​ ​និង​ជា​គ្រូបង្ហាត់​សាលា​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​កំ​បូល ​បាន​ផ្ទុះ​កំហឹង​ជាមួយប្រពន្ធចុង​ រហូតដល់ប្រេីកាំភ្លើងខ្លី​មួយដេីមម៉ាក K.59 បាញ់​ចំនួន​៣​គ្រាប់ទៅលេីស្រ្តីរូបនេះបណ្តាល​ឲ្យបាត់បង់​ជីវិត​នៅ​ក្នុងផ្ទះជួលក្បែរ​បន្ទប់ទឹក​ រួច​បាញ់​ខ្លួនឯង​មួយ​គ្រាប់​ចំ​សៀ​ក​ថ្កា បណ្តាល​ឲ្យស្លាប់​ក្នុងថ្លុក​​ឈាម​នៅ​ចំពោះ​មុខ​កូនស្រី​អាយុ​១៥​ឆ្នាំ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ខឹង​ហៅ​ប្រពន្ធ​ឲ្យមក​ផ្ទះ​មិន​មក​។

សូមរម្លឹកថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីងកាលពី​វេលាម៉ោង​ប្រមាណជា​១១​យប់ នៅថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​លេខ២ តាម​ផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខរាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន​ បានឲ្យដឹងថា​ បុរស​ដែល​បាញ់​ប្រពន្ធ​ចុងខាងលេីមានឈ្មោះ សេង គឹ​ម​សាន្ត អាយុ​៥៨​ឆ្នាំមុខរបរ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ឋានន្តរសក្ដិ​ថ្នាក់​វរសេនីយ៍ទោ និង​ជា​គ្រូបង្ហាត់​សាលា​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​កំ​បូល ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ក្បាលកោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​បាញ់​ខ្លួនឯង​ចំ​សៀត​ផ្កា​ខាងស្តាំ​ធ្លា​យមក​ធ្វេ​ង ។ ចំណែក ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជួប សា​រ៉ែ​ន អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​កន្លែង​កើតហេតុមានស្រុក​កំណើត​ភូមិ​ចុង​កោះ ឃុំ​សណ្តា ស្រុក​លើក​ដែក ខេត្តកណ្តាល ត្រូវ​ប្តី​បាញ់​ចំនួន ៣​គ្រាប់ ត្រូវ​ពីក្រោយ​ខ្នង​បាត់បង់​ជីវិត​ដោយ​លត់​ជង្គង់​មុខ​បន្ទប់ទឹក ។​

ប្រភព​ដដែល​បន្តថា នៅ​មុន​កើតហេតុ វេលា​ម៉ោង​ប្រមាណ​៧​យប់ ស្ត្រី​ជា​ប្រពន្ធ​បាន​ជួបជុំ​គ្នា​ជាមួយ​អ្នក​ជិតខាង​៧​នាក់​អង្គុយ​ផឹកស្រា​កូរ៉េខណៈ​នោះបុរស​ប្តី​ (ជនដៃដល់)បាន​​ហៅ​ឱ្យ​ចូល​ផ្ទះ តែ​ស្ត្រី​ជា​ប្រពន្ធ​ធ្វើ​ជា​មិនដឹង​មិន​លឺ។ បន្ទាប់​ពី​ហៅ​ប្រពន្ធមិន​មក បុរសជាប្តី​ ក៏បាន​អង្គុយ​ផឹកស្រា​ថ្នាំ​ព្យាបាល​ឫសដូងបាត​ក្នុង​បន្ទប់​អស់​ចំនួន១០​កែវ ដោយ​កូនស្រី​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយគ្នានោះ​ដែរ។​ លុះផឹក​អស់ចិត្ត​នៅ​វេលាម៉ោង១១​យប់ ប្រពន្ធ​ក៏​បាន​ត្រឡប់​ចូល​បន្ទប់​ជួល​វិញ ខណៈនោះ​ក៏​មាន​ទំនាស់​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ហេីយបុរស​ជា​ប្តី​ ​ក៏​ស្ទុះ​ទៅ​យក​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​មួយ​ដើម​ក្នុង​ទូ​ឈើ ។ ភ្លាម​ៗ​នោះ​កូនស្រី​អាយុ​១៥​ឆ្នាំ​បាន​មក​ឃាត់​ឪពុក តែ​ឃាត់​មិន​ឈ្នះ ហើយ​ក៏​ត្រូវ​ឪពុក​អា​ម៉េ​បញ្ជូន​គ្រាប់​បាញ់​ប្រពន្ធ​ពីក្រោយ​៣​គ្រាប់ ខណៈ​​ពេល​នាង​រត់​សំដៅ​ទៅ​បន្ទប់ទឹក​បណ្តាល​ឲ្យ​ដួល​ស្លាប់​ទាំង​លុតជង្គង់​មុខ​បន្ទប់​ទឹកតែម្តង។

មន្រ្តីនគរបាលមូលដ្ឋាន​ បន្ត​ទៀតថា បន្ទាប់​ពី​បាញ់​ប្រពន្ធ​ហើយ មន្ត្រី​កង​រាជ​វុ​ធ​ហត្ថ​រូប​នេះ​ក៏​បាញ់​ខ្លួនឯងតាមក្រោយ​មួយគ្រាប់ ចំ​សៀត​ផ្កាបណ្តាល​ឱ្យ​ដួល​បាត់​បង់ជីវិត​ក្នុង​ថ្លុកឈាម​ជាមួយ​ប្រពន្ធ​នៅ​ចំពោះ​មុខ​កូនស្រី ដោយ​បន្សល់​កូនស្រី​អាយុ​១៥​ឆ្នាំ​ឱ្យ​នៅ​កំព្រា​ម្នាក់ឯង​។

សូមជម្រាបដែរថា​ បុរសជាប្តី​ ដែលជាមន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ មាន​ប្រពន្ធដើម​នៅ​ភូមិ​កប់​ស្រូវ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ និង​មានកូន​ប្រុស​ស្រី​៥​នាក់ ដោយ​ខ្លះ​នៅ​ក្រមុំ​កំលោះ និង​ខ្លះ​ទៀត​មានគ្រួសារ​ហើយ ។ហើយ​រយៈពេល​ប្រមាណ​១៦​ឆ្នាំ​មុន មន្ត្រី​រូប​នោះ​ក៏​បាន​មក​រួមរស់​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​ក្រោយ រហូត​មានកូន​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ។​ ចំណែកការ​រស់នៅ​ជាមួយ​គ្នា​នេះ តាម​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថាមិនសូវ​ចុះសម្រុង​គ្នា​ទេ ដោយ​ប្តី តែងតែ​ប្រចណ្ឌ​ប្រពន្ធ ហើយ​កើត​ទៅ​ជា​ទំនាស់​ទាស់ទែង​ជា​រើ​យ​ៗ រហូត​ក៏​ឈាន​ទៅ​បាញ់​ប្រពន្ធ និង​បាញ់​ខ្លួនឯង​តែ​ម្តង ។

ក្រោយកេីតហេតុ​ មន្រ្តីនគរបាល​ជំនាញ​ព្រមទាំង​គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យរាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សព ហើយ​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​ គឺជា​ករណី​បាញ់​សម្លាប់ប្រពន្ធ រួច​បាញ់​សម្លាប់ខ្លួនឯង​តាមក្រោយពិតប្រាកដ​មែន ។ ចំណែកសព​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​តំកល់​នៅ​វត្ត​កប់​ស្រូវ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​សព​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កំ​កល់​នៅ​វត្ត​មុនី​សោភា ហៅ​វត្ត​ពញ្ញាឮ ស្ថិត​នៅ​ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ដូច​គ្នា​។

គួរបញ្ជាក់ថា​ ករណី​ខាងលេីនេះ​ ផ្តើម​ចេញពី​រឿង​ភ្លើង​ប្រចណ្ឌ ព្រោះថាកន្លង​មកប្តីប្រពន្ធមួយគូរនេះ​ តែងតែមាន​ទំនាស់​គ្នា​ក្នុង​គ្រួសារព្រោះតែ​ប្រចណ្ឌ៕ដោយ៖សហការី

…


ចែករំលែក៖