ព័ត៌មានទាន់ហេតុការណ៍៖

សែនសោកស្តាយម្ចាស់បទ”យប់នេះខ្ញុំចង់ញ៉ាំស្រា”ដែលកំពុងល្បីលើTik Tok គឺអ្នកស្រី កាក់ ចន្ធី បានទទួលមរណភាព២ឆ្នាំមុនដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

     ​ភ្នំពេញ៖ បទយប់នេះខ្ញុំចង់ញ៉ាំស្រា បាននិងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គមនានា ពិសេស Tik Tokក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទោះជាយ៉ាងណាម្ចាស់សំនៀងដ៏ពិរោះប្លែកនេះគឺជាអ្នកចម្រៀងឈ្មោះ កាក់ ចន្ធី ប៉ុន្តែគួរឲ្យសោកស្តាយនោះគឺម្ចាស់បទចម្រៀងមួយនេះបានទទួលមរណភាពហើយកាលពីឆ្នាំ២០១៨ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

នៅតាមផ្ទះ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តមួយចំនួនក៏បានលើកយកបទចម្រៀងនេះមកច្រៀង និងមានអ្នកច្រៀងតាមប៉ុន្តែមានមនុស្សមិនច្រើនឡើយដែលបានស្គាល់ពីម្ចាស់សំនៀងដើម។តាមការពិតអ្នកនាង កាក់ ចន្ធី គឺ​ជា​តារា​ចម្រៀង​ល្បីនិយមច្រៀងបទ​ចម្រៀង​ចង្វាក់ រ៉ុកខេនរ៉ូល និងធ្លាប់​មាន​ប្រវត្តិ​កម្សត់ បាន​បាត់​បង់​ជីវិត​អស់​រយៈ​ពេល​ប្រមាណ ២​ឆ្នាំ​ហើយ ដោយ​បន្សល់​តែ​បទ​ចម្រៀង​ជា​ច្រើន ដែល​ក្នុង​ចំណោម​នោះ មាន​ខ្លះ បាន និង​កំពុង​ល្បី​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម Tik Tok។ ជាការសោកស្តាយដែលបទចម្រៀងរបស់អ្នកនាងដែលកំពុងទទួលបានការគាំទ្រច្រើនបែបជាមិនត្រូវបានបង្ហាញមុខលើឆាកតន្ត្រីច្រើនទៅវិញ។  អ្នកនាង បានបាត់បង់ជីវិតក្នុងវ័យ៣៨ឆ្នាំគួរឲ្យសោកស្ដាយ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីអំឡុងខែ មីនា ២០១៨គ្រាដែលតារាចម្រៀងខ្មែររូបនេះ បានធ្វើដំណើតាមម៉ូតូកង់បី pass app មកដល់ស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏មានរថយន្តម៉ាក ព្រុសមួយគ្រឿងជិះឡើងលឿនមកបុកម៉ូតូកង់បីដែលមានអ្នកនាង ជិះលើនោះបណ្តាលអ្នកនាង មានគ្រោះថ្នាក់ធ្ងន់រហូតដល់ស្លាប់។ កន្លងទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្តែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយចំពោះការបាត់បង់ជីវិតរបស់តារាចម្រៀងស្រី រ៉ុកខែនរ៉ូល កាក់ ចន្ធី  ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នេះផងដែរ។ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយ អមដោយសារលើកសរសើរពី ទេពកោសល្យផ្នែកចំរៀង តន្ត្រីរបស់ចន្ធី បានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកមានការសប្បាយ ដោយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ជាទីដែលគាត់បានសំដែងជាច្រើនលើកហើយគាត់បានបង្ហាញពីលក្ខណៈពិសេសដោយឡែកមួយនៃតន្ត្រីសម័យរបស់ខ្មែរ។

រសជាតិថ្មីទាំងអត្ថន័យ និងចង្វាក់ភ្លេងប្លែករបស់បទចម្រៀងអ្នកនាងអាចធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនច្រៀងត្រាប់តាមជាហូរហែចាប់តាំងពីក្មេងចាស់ប្រុសស្រីរហូតសិល្បករជាច្រើនក៏និយមច្រៀងត្រាប់តាមផងដែរ។ កាក់ ចន្ធី ជាតារាចម្រៀងរ៉ុកឃែនខេនរ៉ូលខ្មែរតែមានប្រជាប្រិយភាពលើឆាកអន្តរជាតិ ដែលមានកំណើតពីទឹកដីខេត្តព្រៃវែងស្រុកកំពង់ត្របែក។មិនល្បីខ្លាំងក្នុងស្រុកប៉ុន្តែអ្នកនាងមានការពេញនិយមខ្លាំងនៅបរទេស ពិសេសប្រទេសបារាំង និងសហរដ្ឋអាមេរិក ដែលអ្នកនាងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវអន្តរជាតិ ហើយនោះ ជាហេតុដែលអ្នកនាងជារឿយៗត្រូវបានទទួលការអញ្ជើញទៅចេញច្រៀងនៅក្រៅប្រទេសជាញឹកញាប់។ ក្រោមអម្រែកជីវិត លើបង្គងគ្រួសារ ជាម្តាយ ជាមេគ្រប់គ្រងគ្រួសារ ស្នាក់ក្នុងបន្ទប់ជួលរហូតដល់៨នាក់ តាក់ ចន្ធី ក៏ត្រូវលាពីលោកនេះ ទាំងរលត់ឱកាស មើលមុខបងប្អូន ក្នុងជីវភាពដ៏តោកយ៉ាកនោះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖