ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅកុមារពិការ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ១ខ្នង កម្ពស់៣ជាន់ ស្នើនឹង១២បន្ទប់ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា វិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សានុសិស្សចំនួន១៧២នាក់ ស្រី៧៣នាក់ ក្នុងនោះមានសិស្សពិការភ្នែកសរុបចំនួន៥៥នាក់ ស្រី២៥នាក់ សិស្សគថ្លង់ សតុប១១៧នាក់ ស្រី៤៩នាក់។

បើតាមលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ មានសិស្សានុសិស្សសរុប ៣លាន ៥សែននាក់ ដោយក្នុងនោះមានសិស្សស្រី ៤៩ភាគរយ។

 លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងនូវខ្លឹមសារសំខាន់ៗ ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ និងផ្តល់អនុសាសន៍ចំនួន១២ចំណុច ដល់ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍ ដើម្បីធានាដល់ដំណើរការអប់រំប្រកបដោយភាពល្អប្រសើរ។ ការណែនាំ និងអនុសាសន៍ទាំង១២ចំណុចនេះ រួមមាន៖

ទី១៖ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អាទិភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួល ផលពីដំណក់ប្រេងដំបូង ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញ និងមានការ ឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទំាងមូលនៅក្នុងរយៈពេល២២ឆ្នាំមកនេះ។

ទី២៖ សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត ១.៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ។

ទី៣៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនាទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំ ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំ អាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ-១៩ និងស្ថានភាពអប់រំ។ ក្រសួងអប់រំយុវជននិង កីឡាត្រូវបន្តជំរុញ «ការអប់រំឌីជីថល» ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។

ទី៤៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវរៀបចំនិងអនុវត្ត កម្មវិធីសិក្សាបំព្រួញ ដោយកំណត់ជាមុខវិជ្ជា កាតព្វកិច្ច និងមុខវិជ្ជាជម្រើស មេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្សបានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅ ជាពិសេស មេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។

ទី៥៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវធ្វើការពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗ ដែលតម្រូវឱ្យមាន ភាពរស់រវើក និងកាន់តែធានាបាននូវភាពស័ក្តិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុង វិស័យអប់រំ និងហិរញ្ញប្បទានសហប្រតិបត្តិការ ការអនុវត្តវិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលា និងគ្រូបង្រៀន។

ទី៦៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្របង្រៀនតាមបែបការរិះរក និងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី២១ ដែលជាវិធីសាស្ត្រតាម បែបចម្រុះ ដោយសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សា និងការផ្តោតលើការអប់រំវិទ្យាសាស្ត្រ បចេ្ចកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និង សេដ្ឋកិច្ចឌីជីថល ជាពិសេសសិស្សមានបំណិនសតវត្សទី២១។ ក្រសួងអប់រំយុវជន និងកីឡាត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំងវគ្គវិក្រឹតការតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។ ក្រសួងត្រូវបន្តកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្ត្រាចារ្យទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែងរបស់សាលារៀន សម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩។

ទី៧៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ- រូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនដែលមានប្រសិទ្ធភាព។ គ្រឹះស្ថានសិក្សា ត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងនិងសួនធម្មជាតិ។ល។ ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈ តាមគ្រប់រូបភាព ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ករណីមានប្រធានស័ក្ដិ កើតឡើង ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរាតត្បាតនៃជំងឺនានា។

ទី៨៖ លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុក ម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នក ស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យមាន ចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។

ទី៩៖ ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យ បានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើយើង ស្រឡាញ់ខ្លួន ស្រឡាញ់ឳពុកម្តាយ និងសង្គមជាតិយើង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។

ទី១០៖ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូន នាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្តល់គាំទ្រ ការលើកទឹកចិត្ត និងការបង្រៀនបន្ថែមដល់កូន ដល់ចៅតាមគ្រប់រូបភាព។

ទី១១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ និងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ- រូបវ័ន្តនិងការគាំទ្រផ្សេងទៀតតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមសហការរបស់ក្រសួងសុខាភិបាល ក្នុងការធានានូវសុវត្ថិភាពសុខភាព ការអប់រំអំពីអនាម័យ និងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានឆ្លងជំងឺកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា។

ទី១២៖ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត៕

ដោយ៖សូ រិយា


ចែករំលែក៖