ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោល ក្រុមប្រឹក្សាឃុំ មេភូមិ និងអនុភូមិ សហការចុះបង្រ្កាបទីតាំងល្បែងសុីសងបញ្ជល់សត្វមាន់ភ្នាល់លុយ រឹបអូសឧបករណ៍ជាវត្ថុតាង និងសម្ភារ ចំណែកក្រុមជនប្រព្រឹត្តរួមទាំងម្ចាស់សង្វៀនបញ្ជល់មាន់រត់គេចបាត់ ។
ករណីបង្រ្កាបល្បែងសុីសងបញ្ជល់សត្វមាន់ភ្នាល់លុយខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង០៥នាទី រសៀលថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ យៀង ផល ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
កម្លាំងចុះការងារផ្ទាល់បានឲ្យដឹងថា លទ្ធផល ដកហូតរួមមាន៖សត្វមាន់គកចំនួន៥ក្បាល ស៊ុមក្រុងសត្វមាន់ចំនួន៧ ឧបករណ៍ និងសម្ភាររួមផ្សំនៃសង្វៀនបញ្ជល់សត្វមាន់មួយកំប្លេ ជញ្ជីងថ្លឹង១គ្រឿង ចង្រ្កានហ្គាស១គ្រឿង ចំពោះម្ចាស់ផ្ទះ(យៀង ផល)និងក្រុមជនប្រព្រឹត្តរត់គេចបាត់ ។
ប្រភពពីកម្លាំងដដែលបន្តទៀតថា បច្ចុប្បន្ន វត្ថុតាង និងសម្ភារទាំងអស់ យកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកបាកាន ចំពោះម្ចាស់ផ្ទះ(យៀង ផល)មិនអាចគេចទៅណាបានយូនោះឡើយ យើងនឹងអនុវត្តបន្តទៀត ៕ ដោយ៖បុឹម ពិន