ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់៦នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ ០៣កន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤  ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ យ៉ាងហោចមានមនុស្សប្រុសស្រីចំនួន៦នាក់បានរងរបួសធ្ងន់ជាបន្តបន្ទាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៣លើកផ្សេងៗគ្នា ។

 សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៩ និង១៥នាទីព្រឹក នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកបើកបររថយន្ត១គ្រឿង និងអ្នកជិះម៉ូតូធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឲ្យភាគីបើកបរម៉ូតូរងរបួសធ្ងន់១នាក់ប្រុស ។

 ប្រភពដដែលបន្តទៀតថា លុះនៅវេលាម៉ោងប្រមាណ១១ និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត រវាងជិះម៉ូតូឌុបគ្នា និងអ្នកជិះម៉ូតូឌុបគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាងសរុបចំនួន៤នាក់ ។

 ដោយឡែកៈ ប្រភពរាយការណ៍មួយផ្សេងទៀត នៅវេលាម៉ោងប្រមាណ៤ និង២៥នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិដង្គៀមក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយស្រ្តីបើកបររថយន្តស៊េរីទំនើប១គ្រឿងផ្ទុះកង់ក្រឡាប់ផ្ងារជើងទ្រមេឃ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដូច្នេះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន៣លើកផ្សេងគ្នាខាងលើ បណ្ដាលឲ្យមានមនុស្សប្រុសស្រីយ៉ាងហោចចំនួន៦នាក់បានរងរបួសធ្ងន់ ករណីខាងលើសមត្ថកិច្ចជំនាញកំពុងមមាញឹកបន្តនីតិវិធី ៕ ដោយ៖បុឹម ពិន


ចែករំលែក៖