ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់គណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពដែលស្ថិតក្រោមឱវាទក្រសួងទេសចរណ៍ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស សិក្ខាកាម និងសាធារណជនទាំងអស់មេត្តាជ្រាបថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌល វាយតម្លៃសមត្ថភាព ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ដើម្បីធានាបានសុវត្ថិភាព និងប្រសិទ្ធភាពនៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ដូចខាងក្រោម៖
ត្រូវបន្តតាមដាន និងផ្តល់ព័ត៌មាន ព្រមទាំងចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ- ១៩ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល ត្រូវសហការជាមួយមាតាបិតា អាណាព្យាបាល មន្ត្រីរាជការ គ្រូ សិក្ខាកាម សិស្ស និស្សិត និងអ្នក ពាក់ព័ន្ធផ្តល់ព័ត៌មានអំពីសុខភាព និងប្រវត្តិនៃការធ្វើដំណើរក្រៅប្រទេសរបស់សិក្ខាកាម សិស្ស និស្សិត ត្រូវសហការជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីចុះពិនិត្យ និងជំរុញការអនុវត្តវិធានការអនាម័យ ការទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល។
សូមអានទាំងស្រុងនូវសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ស្ដីពី ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍ ដូចខាងក្រោម៕
ដោយ៖ សិលា