ភ្នំពេញ ៖ ជាងដែកមួយក្រុមមានគ្នា៦នាក់បាននាំគ្នាឡេីងកាត់ស្លាកប៉ាណូលើដំបូលឃ្លាំងមិនប្រយ័ត្នក៏ប៉ះខ្សែភ្លេីងធ្វេីឲ្យឆក់យុវជនម្នាក់រងរបួសធ្ងន់ហេីយក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចឃ្លាំងចាស់មួយកន្លែង តាមផ្លូវចោមចៅ មុខច្រកចូលផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សពជនរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះ ម៉ាក់ មានអាយុជាង២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះមេជាង រួមជាមួយកម្មករផ្សេងទៀតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនរងគ្រោះ មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម ។
វត្តមានក្រុមជាងរួមការងារជាមួយជនរងគ្រោះ ក្នុងនោះមានមេកម្មករជាស្ត្រីម្នាក់នៅទីតម្កល់សពក្នុងវត្តទឹកថ្លាបានដាក់បម្រាមមិនឲ្យកម្មកររបស់ខ្លួនឆ្លើយបំភ្លឺជាមួយអ្នកសារព័ត៌មាន ឬអាជ្ញាធរឡើយ ។
តែបើតាមពលរដ្ឋឃើញហេតុការណ៍ នៅកន្លែងកើតហេតុវិញបានឲ្យដឹងថា មុនកើតហេតុ ទីតាំងឃ្លាំងខាងលើបានជួលឲ្យក្រុមហ៊ុនឯកជនមួយ លុះដល់ចប់កុងត្រា ម្ចាស់ឃ្លាំងបានជួលកម្មករមួយក្រុមឲ្យធ្វើការរុះរើ ស្លាកប៉ាណូចេញ ហើយនៅវេលាម៉ោងខាងលើ ខណៈដែលកាត់ស្លាកទម្លាក់ចុះហើយ នៅសល់តែបង្គោលមួយដើមកាត់ហើយបម្រុងដាក់ចុះបែរជាទៅប៉ះនឹងខ្សែកាប្លិ៍ភ្លើង ដែលមានតង់ស្យុងខ្ពស់ទើបធ្វើឲ្យឆ្លងឆក់ កម្មករម្នាក់នៅលេីដំបូលស័ង្កសី ។
ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទីតាំងបង្ខំឲ្យក្រុមកម្មករដាក់ជនរងគ្រោះចុះ ប្រើល្បិចសែងយកទៅពេទ្យឯករាជ្យស្ថិតនៅទល់មុខ។ គ្រាន់តែពិនិត្យដឹងថាស្លាប់ហើយ ម្ចាស់ឃ្លាំងបានបង្ខំឲ្យក្រុមកម្មករទំនាក់ទំនងហៅរថយន្តគ្លីនិកឯកជន រស្មី ដឹកសពចេញពីពេទ្យឯករាជ្យដើម្បីយកសពទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ តែដោយសារជនរងគ្រោះក្លាយជាសពបាត់ទៅហើយ រថយន្តបានដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចជាក្រោយ ។
ពលរដ្ឋនៅកន្លែងកើតហេតុ បានរិះគន់ផងដែរដល់ម្ចាស់ទីតាំងឃ្លាំង ខ្លាចពាក់ព័ន្ធ សមត្ថកិច្ចស៊ើបអង្កេតវែងឆ្ងាយទើបបង្ខំឲ្យក្រុមជាងដែក ឡានពេទ្យធ្វើយ៉ាងណា ចាត់ចែងឲ្យបានលឿន ដឹកសពចេញឲ្យរហ័ស ផុតតែពីផ្ទះរបស់ខ្លួន ។
តែបើកម្មករម្នាក់ គ្រាន់តែបង្ហើបឲ្យដឹងថា មុនកើតហេតុ ម្ចាស់ឃ្លាំងជួលក្រុមជាងរបស់ខ្លួនតម្លៃ៥០ដុល្លារ ឡើងដោះស្លាកប៉ាណូចាស់ចេញ ខណៈដែលជិតរួចហើយ សល់បង្គោលដែកមួយដើម ជនរងគ្រោះលើកប៉ះខ្សែកាប្លិ៍ភ្លើងបណ្តាលឲ្យឆ្លងឆក់តែម្តង ។
សពជនរងគ្រោះក្រោយពីនាំគ្នាដឹករត់ ទីបំផុតយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ហើយត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅទី១ ចុះទៅសាកសួរ ដល់ក្រុមជាង កម្មករ និងសាកសួរស្រាវជ្រាវ ស្វែងរកសាច់ញាតិ ៕ដោយ៖សុខាសែនជ័យ