ភ្នំពេញ៖ កន្លងទៅលោក គឹម មីនយុន ធ្វើឲ្យមានការយល់ច្រឡំខ្លះថាជាតារាចម្រៀង ឬតារាសម្តែងពីប្រទេសកូរ៉េ ព្រោះតែលោកមុខមាត់ស្រដៀងគ្នាទៅនឹងតារាអាស៊ីនៃប្រទេសមួយនេះដែលសូម្បីតែការតុបតែងខ្លួន ស្លៀកពាក់ ក្បាច់រាំ ក៏គេស្ទើតែច្រឡំផងដែរ។
គឹម មីនយុន ធ្លាប់បានធ្វើឲ្យទស្សនិកជនស្គាល់តាមរយៈការបញ្ចេញសមត្ថភាពសិល្បៈមួយចំនួនជាបន្តបន្ទាប់ពិសេសស្នាដៃសម្តែងក្នុងភាពយន្តភាគ និងស្នាដៃបទចម្រៀងទាំងភាសាខ្មែរ និងអង់គ្លេសមានដូចជាបទ”លង់ស្នេហ៍អូនហើយ” បទ”អ្នកថ្មី” បទ I’m Cry បទShow Off 4 o’clock ជាដើម។ តាមការពិត លោក គឹម មីនយុន បានចូលប្រឡូកក្នុងអាជីពសិល្បៈយូរក្រែលមកហើយដែរ ហើយលោកទទួលបានការចាប់អារម្មណ៍ពីសមត្ថភាពសម្តែង បង្ហាញម៉ូត ជាដើម ។ មិនត្រឹមតែមានរូបរាងស្រស់សង្ហា និងសមត្ថភាពក្នុងការសម្តែង លោកក៏មានទឹកដមសំនៀងពិរោះមិនធម្មតាផងដែរ។ ខណៈដែលកន្លងទៅបទចម្រៀងរបស់លោកទទួលបានការពេញចិត្តច្រើនពីអ្នកគាំទ្រ ហើយថ្មីៗនេះលោកទើបនឹងបញ្ចេញបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅថ្មីក្នុងផលិតម្ម Film Media គឺបទMiss You ។ តារាចម្រៀងរូបនេះបានបញ្ជាក់ដែរថានេះគឺជាស្នាដៃថ្មី ដែលផលិតកម្មទើបនឹងបញ្ចេញ ដែលលោករំពឹងថានឹងទទួលបានការពេញចិត្តពីទស្សនិកជន។ លោកបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះលោកនៅតែមមាញឹកច្រើននឹងការងារសិល្បៈបើទោះបីជាមានឥទ្ធិពលពីជំងឺកូវីដ-១៩ក៏ដោយ។ លោកបញ្ជាក់ដែរថា ទើបនឹងដើមឆ្នាំ២០២១នេះលោកទទួលបានការងារមួយចំនួនឡើងវិញ ដែលលោកថាជាឱកាសបន្តបង្ហាញសមត្ថភាពក្នុងការងារសិល្បៈ និងបម្រើការកម្សាន្តរបស់ទស្សនិកជន។ លោកថា ស្នាដៃថ្មីទាំងនេះក៏លោករំពឹងថានឹងប្លែកថ្មីក្រោមការជួយជ្រោមជ្រែងពីអ្នកផលិតកម្មវិធី និងជាច្នៃប្រឌិតថ្មីបន្ថែមដើម្បីឲ្យស្នាដៃទាំងនោះថ្មីប្លែក។ ក្រៅពីគម្រោងនៃការសម្តែង និងបង្ហាញម៉ូតនេះដែរ លោកក៏ត្រៀមបញ្ចេញបទចម្រៀង ថ្មី និងត្រៀមបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ផងដែរក្នុងកម្មវិធីកម្សាន្តចុងសប្តាហ៍នានានោះ ហើយលោកក៏មានក្រុមបង្ហាត់ការរាំបែបកូរ៉េដែលទទួលបានការគាំទ្រច្រើនគួរសមពីទស្សនិកជន និងសិល្បករជាច្រើនបន្តបន្ទាប់៕
ដោយ៖ វឌ្ឍនា