ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហេីយមិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកខឿនពុះចែកផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់បែកក្បាលស្លាប់ក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្ត និរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកបម្រើការងារនៅមជ្ឈមណ្ឌលកម្សាន្ត ណាហ្គាវេីល ស្នាក់នៅ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡេីយ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី ស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-5939 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកេីតដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុខាងលេី ក៏ស្រាប់តែរេចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់បែកមួកសុវត្តិភាពព្រមទាំងបែកក្បាលស្លាប់ក្នុងថ្លុកឈាម គួរឲ្យអាណោចអាធ័ម ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ