ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលអមដោយការរិះគន់ខ្លាំងៗទៅលើបទចម្រៀងមួយបទគឺបទ ”មុនអូនមានប្តីបងនៅឯណា?” ដែលច្រៀងCover ដោយកញ្ញាវីតា ។បទនេះត្រូវបានអ្នកស្តាប់អ្នកទស្សនាមួយចំនួនធ្វើការចែករំលែក និងវាយសំពងដោយការរិះគន់យ៉ាងខ្លាំងទៅលើតារាចម្រៀងកញ្ញា វីតា ពិសេសលើអ្នកនិពន្ធផងដែរ។
ហេតុដែលនាំឱ្យមានសាររិះគន់នេះក៏ព្រោះតែបទចម្រៀងនេះត្រូវបានអ្នកស្តាប់លើកឡើងថាបានបន្ទាបតម្លៃស្ត្រី មិនឆ្លុះបញ្ចាំងពីការអប់រំ និងបង្ហាញពីអំពើផិតក្បត់គ្នាទោះបីមានប្តីប្រពន្ធរួចទៅហើយនោះក្តី។ បទដែលច្រៀងCover ឡើងវិញដោយកញ្ញា វីតា គឺបទ”មុនអូនមានប្តីបងនៅឯណា?” ដែលបទនេះត្រូវបានគេដឹងដែរថាជាបទចម្រៀងដើមរបស់តារាចម្រៀងនាយចឺមដែលចេញនៅផលិតកម្មសាន់ដេជាយូរមកហើយ គឺបទ”មុនបងមានប្រពន្ធ អូននៅឯណា”។ បទចម្រៀងនេះត្រូវបានគេដឹងដែរថាជាការនិពន្ធរបស់លោក ហ៊ាង ម៉េងហ៊ួ និងត្រូវបានបញ្ចេញជាMV កាលពីអំឡុងខែធ្នូឆ្នាំ២០២០មកម្ល៉េះ ដែលមានអ្នកចូលទស្សនាច្រើនជាង៤លានដងរួចមកហើយ ប៉ុន្តែមិនលេចចេញការរិះគន់ច្រើននោះទេ។ បទនេះត្រូវបានតារាចម្រៀង វីតា លើកយកមកច្រៀង Cover ឡើងវិញរហូតផ្ទុះចេញនូវសាររិះគន់ និងប្រតិកម្មពីសំណាក់ទស្សនិជនជាច្រើនក្រោយពីបទនេះត្រូវបានបញ្ចេញនិងបង្ហោះនៅលើបណ្តាញYoutube បានមួយថ្ងៃប៉ុណ្ណោះ។
ទោះជាយ៉ាងណាតបទៅនឹងការរិះគន់នេះដែរអតីតបេក្ខនារីកម្មវិធី X-Factor កញ្ញា វីតា បានចេញមុខសុំទោសចំពោះកំហុសឆ្គងដោយអចេតនានេះ។ នាងបញ្ជាក់ថា ដោយសារស្រលាញ់ចូលចិត្តបទចម្រៀងនេះទើបនាងសម្រេចចិត្តលើកវាយកមកច្រៀងឡើងវិញនិងមិនមានបំណងបន្ទាបតម្លៃស្ត្រីនោះឡើយ។ នាងលើកឡើងដែរថា អត្ថន័យនៃបទចម្រៀងអាចបង្កប់ដោយអត្ថន័យនៃការស្គាល់ពីបុគ្គលិកលក្ខណៈបុរសថ្មីដែលល្អជាងស្វាមីដែលគាត់មានបច្ចុប្បន្នចូលចិត្តដើរលេងស៊ីផឹក ស្រីញី និងប្រើអំពើហិង្សាទើបធ្វើឲ្យនាងសោកស្តាយបុរសថ្មី ប៉ុន្តែគាត់មិនអាចបោះបង់ប្តីដើម្បីបុរសថ្មីនោះបានឡើយ។
បើទោះបីជាយ៉ាងណានាងក៏នៅតែថ្លែងការសុំទោសចំពោះកំហុសឆ្គងដោយអចេតនា ព្រោះនាងមិនមានបំណងអាក្រក់ណាមួយឡើយ ហើយកន្លងមកនាងក៏ធ្លាប់ច្រៀងបទចម្រៀង Cover ជាច្រើនដែរ ប៉ុន្តែនាងមិនដែលជួបបញ្ហាដូចនេះឡើយ។ នាងរំពឹងទុកដែរថា ទស្សនិកជននឹងយោគយល់អធ្យាស្រ័យចំពោះកំហុសឆ្គងដោយអចេតនាមួយនេះ ហើយនាងសន្យាថានឹងខិតខំបង្កើតស្នាដៃថ្មីប្លែកដើម្បីបង្ហាញពីសមត្ថភាព ទេពកោសល្យថ្មីផ្ទាល់ខ្លួនផងដែរ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយពីអ្នកនិពន្ធបទចម្រៀងមួយនេះបាននៅឡើយទេ។ ក៏មានការលើកឡើងដែរថា សម្រាប់ការច្រៀងបទចម្រៀងខាងលើនេះគឺការច្រៀងបទចម្រៀងប្រុសនិងស្រីមានភាពផ្ទុយពីគ្នា ។ តម្លៃស្រ្តីដែលក្នុងនាមជាកុលស្ត្រីមានខ្ពស់ជាងមនុស្សប្រុស គឺមិនអាចមានប្តីហើយទៅមានសង្សារខាងក្រៅបាននោះទេ។
គេចាំបានដែរថាកន្លងទៅអ្នកនិពន្ធបទចម្រៀងនៅគ្រប់ផលិតកម្មទាំងអស់ក៏ធ្លាប់ត្រូវបានមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការណែនាំជាបន្តបន្ទាប់អំពីការតែងនិពន្ធបទចម្រៀងប្រកបដោយគុណភាព មានក្រមសីលធម៌ វិជ្ជាជិវៈ និងជួយលើកកម្ពស់មុខមាត់សិល្បៈវប្បធម៌ជាតិជាដើម ប៉ុន្តែនៅតែមានកំហុសឆ្គងនេះជាដដែល។ ក្នុងនោះដែរមហាជនក៏ស្នើឲ្យក្រសួងវប្បធម៌បន្តរឹតបន្តឹង និងត្រួតពិនិត្យលើស្នាដៃនិពន្ធរបស់អ្នកនិពន្ធបទចម្រៀងមួយចំនួនដើម្បីចូលរួមចំណែកលើកមុខមាត់សង្គម លើកតម្កើងតម្លៃស្ត្រី កុំឲ្យដល់ពេលចេញបទចម្រៀងហើយមានការរិះគន់ទើបមានការសុំទោសជាក្រោយនោះ ។ មហាជនក៏សំណូមពរឲ្យសិល្បករទាំងអស់ធ្វើខ្លួនជាមនុស្សគំរូក្នុងសង្គមនិងសម្រាប់អ្នកគាំទ្រ និងចូលរួមសាងអំពើល្អជាគំរូជាជាងប្រព្រឹត្តិអំពើនានាដែលសង្គមស្អប់ខ្ពើមជាគំរូមិនល្អសម្រាប់មនុស្សជំនាន់ក្រោយ៕
ដោយ៖ វឌ្ឍនា