ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្ត្តិភូមិ.ឃុំ ស្រុកខ្មែរ៖ ប្រវត្តិខ្លះៗអំពីការបង្កើតភូមិនៅស្រុកខ្មែរ

ចែករំលែក៖

យោងតាមការស្រាវជ្រាវដោយលោក វ៉ាន់ វី បានពណ៌នាថា នៅសម័យបុរេប្រវត្តិសាស្រ្ត គឺពេលដែលពុំទាន់មានពាក្យ«ភូមិ»នៅឡើយ មនុស្ស​​ដំបូងប្រហែលជាបានមកតាំងលំនៅក្នុងរូងភ្នំ។ អ្នកស្រាវជ្រាវរកឃើញថា មាន​មនុស្ស​បានមករស់ក្នុងប្រទេសខ្មែរ នៅល្អាងស្ពានដែលជា​កន្លែងមួយស្ថិតនៅជិត​ក្រុង​បាត់​ដំបង​ចាប់​តាំងពីប្រហែល​៤២០០ឆ្នាំមុនគ្រិស្តសករាជ(អៀន ហ៊ែរីស ២០១០)។

នៅរវាង​១០០០ឆ្នាំក្រោយមក គេបានរកឃើញថាមានមនុស្សរស់នៅក្នុងរូងភ្នំមួយទៀតនៅ​ជិត​សមុទ្រ។ ក្នុងដំណាក់កាលនេះ ប្រជាជនខ្មែរទំនងជាបានរស់នៅក្នុងភូមិដែលមាន​កំពែងព័ទ្ធជុំវិញ ជាភូមិដែលមានរាងមូលដូចភូមិនានារបស់កុលសម្ពន្ធមួយចំនួនក្នុង​ប្រទេសកម្ពុជា លាវ និងវៀតណាមសព្វថ្ងៃ(ឆាណ្ឌល័រ ២០០៩)។ ជាក់ស្តែង ការរស់នៅ ជាក្រុម ជាភូមិមូលនោះ ជនជាតិដើមភាគតិចនៅស្រុកខ្មែនៅតំបន់ខ្ពង់រាប​រសព្វថ្ងៃនៅ​តែ​រក្សា​ការរស់នៅ បែបនេះរហូតដល់សព្វថ្ងៃ។ ជាប្រពៃណី ពួកគេនិយមសង់ផ្ទះព័ទ្ធ​ជុំ​វិញ​​រោងមួយ​(ផ្ទះធំសហគមន៍)​នៅចំ​កណ្តាលសម្រាប់ប្រជុំគ្នាឬ​រៀបចំពិធីប្រចាំ​ភូមិ​ជាដើម(កែវ ណារុំ ២០១០)។

ចំណែកការកសាងភូមិនៅសម័យប្រវត្តិសាស្រ្ត មានលក្ខណៈប្រែប្រួលខុសពីមុន ខ្លះៗ។ នៅសម័យមុនអង្គរ ប្រទេសខ្មែរបានកកើតជារដ្ឋ ហើយបានបែងចែកជារដ្ឋបាល គ្រប់គ្រងដែនដីស្របច្បាប់ដោយឈរលើអំណាចកណ្តាលរបស់ព្រះមហាក្សត្រក្នុងការ បញ្ជាឱ្យបង្កើតភូមិករឬដែនដី។ តាមសិលាចារឹកជាច្រើន បាន​បង្ហាញ​ឱ្យដឹងថា នៅសម័យមុនអង្គរនិងអង្គរ ដីភូមិគឺគេអាចទិញ ឬលក់បាន ក៏ប៉ុន្តែ​មនុស្សដែលមានសិទ្ធិទិញឬលក់ដីភូមិបានមិនមែនបណ្តាមនុស្សធម្មតាទេ គឺសុទ្ធតែពួកអភិជន(ឡុង សៀម ១៩៩៧)។

ក្នុងក្របខណ្ឌសម្គាល់ស្ថាននាមនៅសម័យនោះ ភូមិ​ជាដីឬភូមិឋានរបស់ឯកជន ឬរបស់វត្តអារាម(ទេវស្ថាន) ហើយមានទម្រង់សមាសភាព​មិនដូចភូមិសម័យបច្ចុប្បន្នទេ(ឡុង សៀម ១៩៩៧)។ តែទៅជាយ៉ាងនេះក្តី ក៏យើង​ឃើញមានឈ្មោះភូមិដែលមានលក្ខណៈប្រហាក់ប្រែលនឹងភូមិសព្វថ្ងៃ ដូចជាការនិយម ប្រើឈ្មោះរុក្ខជាតិជាដើម។ ឧទាហរណ៍ ភូមិតេំជ្រៃ (K. 91)៖ ភូមិដើមជ្រៃ, ភូមិវ្រះអំវិល (K. 736)៖ ភូមិព្រះអំពិល…។

នៅសម័យកណ្តាល(ស.វ.ទី១៥-១៩) ការស្ថាបនាភូមិហាក់បីដូចជាពុំសូវចេញជា​រូបរាងច្បាស់លាស់ ដោយសារតែក្នុងដំណាក់កាលនោះសង្គមខ្មែរមានភាពច្របូក​ច្របល់ គ្មានឱកាសនឹងកសាងភូមិស្រុករបស់ខ្លួន(ឡឹក សាវណ្ណ ១៩៩៩)។ ស្របពេល​នោះ ពុទ្ធសាសនាថេរវាទដោយមានការនិយមសាងវត្តជំនួសប្រាសាទបុរាណ។ ហេតុ​នេះ ភូមិនៅសម័យនោះជាភូមិដែលជាចំណុះជើងវត្ត។ ជាក់ស្តែងនៅសម័យឧត្តុង្គ គឺក្នុង​រាជ្យរបស់ព្រះបាទអង្គឌួង គេបានកសាងវត្តរាប់រយដោយមានភូមិជាអ្នកផ្គត់ផ្គង់​សេដ្ឋកិច្ចព្រះសង្ឃ ហើយរស់នៅជាសហគមន៍(កម្ពុជាសុរិយា ១៩៦៣)។

ចាប់តាំងពីសម័យអាណានិគមនិយមបារាំងរហូតដល់ឥឡូវភូមិជាបំណែងចែក​ទឹកដីដែលស្ថិតក្រោមការគ្រប់គ្រងឃុំឬសង្កាត់។ ភូមិខ្លះមានមនុស្សរស់នៅតាំងពី​បុរាណរហូតដល់សព្វថ្ងៃ ដូច​ជាភូមិល្វា ក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាបជាដើម។ ការទៅចាប់ភូមិថ្មី ខ្មែរច្រើនទៅរកទីប្រជុំជន ពិសេសកន្លែងដែលជាប់ផ្លូវធំ ឬតាមដង​ទន្លេដែលសម្បូរជីជាតិ។ លើសពីនេះទៀត ក្នុងជំនឿខ្មែរទូទៅ​មុននឹងសង់ផ្ទះថ្មីក្តី ភូមិថ្មីក្តី ឬវត្តអារាមជាដើម។ គេតែងមានអាចារ្យឬគ្រូមន្តអាគមគាថា មើលភូគម្ភសាស្រ្តរកកន្លែងដែលល្អ មានជោគមានជ័យ(ឡឹក សាវណ្ណ ១៩៩៩)។

ជារួមមកយើងឃើញថា ការកសាងភូមិបានវិវត្តប្រែប្រួលតាមសម័យកាលតាំង ពីបុរាណមកម្ល៉េះ ហើយឥឡូវនេះ ភូមិបានប្រែក្លាយជាបំណែង​ចែកទឹក​ដី​តាម​បែប​រដ្ឋបាល​របស់ខ្មែរ ដែលជាផ្នែកនៃឃុំ។ ការវិវត្តទាំងនេះក៏អាចស្តែង​ឱ្យឃើញ​ពី​ទំនាក់​ទំនង​នៃការដាក់ឈ្មោះភូមិហើយនិងទំនោររបស់មនុស្សខ្មែរយើង៕

ប្រែសម្រួលនិងស្រាវជ្រាវដោយ÷ចៅតាជេត


ចែករំលែក៖