ក្រុមហ៊ុនអាកាសចរណ៍នានារបស់អាមេរិកបានប្រកាសថា អ្នកដំណើរទាំងអស់ត្រូវបានហាមប្រាម ដឹកជញ្ជូនអាវុធទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ជាថ្ងៃដែលលោកបៃឌិនស្បថចូលកាន់តំណែងប្រធានាធិបតី។
សារ CNBC នៅថ្ងៃទី១៤ខែមករា បានដកស្រង់សម្តីអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines លោកEd Bastian បានឲ្យដឹងថា ការហាមប្រាមដឹកជញ្ជូនអាវុធក្នុងរយៈពេល១សប្តាហ៍រហូតដល់លោកបៃឌិនឡើងកាន់តំណែងប្រធានាធិបតី ។
ជាមួយគ្នានោះ ក្រុមហ៊ុនអាកាសចរណ៍នានារបស់អាមេរិកដូចជា American , United និង Alaska ក៏បានប្រកាសហាមប្រាមដូចគ្នានោះដែរ។
លោក Ed Bastian បានបញ្ជាក់ថា « យើងទាំងអស់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្រោយហេតុការណ៍អាក្រក់កើតឡើងនៅទីក្រុងវ៉ាស៊ីនតោននាពេលកន្លងមក។
ក្រុមFBI បានប្រកាសថា ក្រុមជ្រុលនិយមបានឡើងគម្រោងធ្វើ
បាតុកម្មជាទ្រង់ទ្រាយធំ ហើយក្រុមបាតុករជាច្រើនប្រដាប់ដោយអាវុធ ក្នុងគោលដៅរំខានដល់ការស្បថចូលកាន់តំណែងរបស់លោកបៃឌិន ។ ជាមួយគ្នានេះមន្ទីរបញ្ចកោណអាមេរិក បានបញ្ជូនកម្លាំងទាហានប្រមាណ២ម៉ឺននាក់ទៅការពារវិមានរដ្ឋសភា ទប់ស្កាត់អំពើហិង្សាកើតឡើង ។
នៅពេលនេះដែរក្រុម FBIបានតាមដានយ៉ាងយកចិត្តទុកដាក់ ក្នុងនោះមានបណ្តាញសង្គមដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់កើតឡើង ។ ប្រធាន FBI បានបញ្ជាក់ថា ការធ្វើបាតុកម្មអាចបង្កគ្រោះថ្នាក់ដល់មន្ត្រីអាមេរិកចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោកបៃឌិន៕
ដោយ៖ធី រីណា(រូបភាព៖Reuters )