ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកឈប់ទិញប្រេងពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាលើកដំបូងក្នុងពេល៣៥ឆ្នាំ

ចែករំលែក៖

សារព័ត៌មាន Bloomberg នៅថ្ងៃទី១៥ខែមករាបានផ្សាយថា ការនាំចូលប្រេងពីអារ៉ាប៊ីសាអ៊ូឌីត នៅសប្តាហ៍កន្លងមកស្មើនឹង០។ នេះជាលើកដំបូងក្នុងរយៈពេល៣៥ឆ្នាំ ដែលអាមេរិកឈប់នាំចូលប្រេងពីប្រទេសសម្ពន្ធមិត្តមួយនេះ។
តាមសារព័ត៌មាន Bloomberg អាមេរិកបានចាប់ផ្តើមទិញប្រេងពី អាប៊ីសាអ៊ូឌីត នៅឆ្នាំ១៩៨៥ ។ កាលពីកន្លះខែមុន អាមេរិកនាំប្រេងចូលពីអារ៉ាប៊ីសាអ៊ូឌីតចំនួន ១១៨ពាន់បារ៉ែលក្នុងមួយថ្ងៃ។
នៅឆ្នាំ១៩៧៧ ពេលប្រធានាធិបតី Jimmy Carter ដឹកនាំអាមេរិក លោកមានបំណងបញ្ចប់ការអាស្រ័យទៅលើប្រេងប្រទេសតំបន់មជ្ឈិមបូព៌ា ។ ក្រុមអ្នកជំនាញវិភាគបានលើកឡើងថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនផ្អាកទិញប្រេងពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើឲ្យប៉ះពាល់ដល់សម្ពន្ធមិត្ត រវាងប្រទេសទាំងពីរ។ ប៉ុន្តែការផ្អាកទិញ គ្រាន់តែជាការបណ្តោះអាសន្នប៉ុណ្ណោះ ។
លោក Karim Fawaz អគ្គនាយក ស្រាវជ្រាវនិងវិភាគថាមពលរបស់មជ្ឈមណ្ឌល IHS Markit បានឲ្យដឹងថា « ប្រសិនបើការនាំចូលប្រេងពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតស្ថិតនៅកម្រិតសូន្យ គ្រាន់តែជារឿងបណ្តោះអាសន្នប៉ុណ្ណោះ ដោយសារតែបញ្ហាកូវីដ-១៩ »។
ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ជាសម្ពន្ធមិត្តយុទ្ធសាស្ត្រជាមួយអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលទិញអាវុធពីអាមេរិកច្រើនជាងគេបំផុត ក្នុងចំណោមប្រទេសដែលទិញអាវុធពីអាមេរិក៕ដោយ៖ធី រីណា


ចែករំលែក៖