យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី១៥ មករា ២០២១បានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាក Ferrari នៅក្នុងព្រឹត្តិការណ៍ Formula 1លោក Charles Leclerc បានប្រកាសថា លោកបានធ្វើតេស្តវិជ្ជមានជំងឺCovid-19។
នៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គម Twitter យុវជនអាយុ២៣ឆ្នាំមកពីប្រទេសម៉ូណាកូ Charles Leclerc បាននិយាយថា “ខ្ញុំមានអារម្មណ៍ថាមិនអីទេ ហើយមានរោគសញ្ញាស្រាល។ ខ្ញុំនឹងនៅដាច់ដោយឡែកក្នុងផ្ទះរបស់ខ្ញុំនៅម៉ូណាកូ ដោយអនុលោមតាមបទប្បញ្ញត្តិដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាលក្នុងតំបន់”។
កាលពីដើមខែនេះអ្នកបើករថយន្តម៉ាក McLaren ឈ្មោះ LandoNorris អាយុ២១ឆ្នាំក៏បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ខណៈពេលដែលគាត់ឈប់សម្រាកនៅទីក្រុងឌូបៃ។
ការធ្វើតេស្តសម្រាប់រដូវកាល២០២១ ត្រូវបានកំណត់ពេលសម្រាប់ខែមីនាទោះបីជាកាលបរិច្ឆេទនៃការប្រណាំងគួរត្រូវបានពន្យារពេលរួចហើយនៅពេលដែលព្រឹត្តិការណ៍ Grand Grand Prix របស់អូស្ត្រាលីត្រូវបានផ្លាស់ប្តូរពីថ្ងៃទី១៩-២១ ខែមីនាដល់ថ្ងៃទី១៩-២១ ខែវិច្ឆិកាដោយសារតែការរឹតបន្តឹងទប់ស្កាត់ការឆ្លងជំងឺ Covid-19 ។
ការប្រណាំងលើកទី១ ក្នុងចំណោមការប្រណាំងចំនួន២៣ឥឡូវនេះគឺការប្រណាំងនៅបារ៉ែន បានចាប់ផ្តើមពីថ្ងៃទី២៦-២៨ ខែមីនា។ កាលពីរដូវកាលមុនអ្នកបើកបរឈ្មោះ Sergio Perez, Lance Stroll និងម្ចាស់ជើងឯកពិភពលោករបស់ Mercedes គឺលោក Lewis Hamilton សុទ្ធតែបានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ៕ដោយ៖ភារៈ