អ្នកចាត់ការក្លិប Paris St-Germain លោក Mauricio Pochettino បានធ្វើតេស្តរកឃើញជំងឺ Covid-19នឹងខកខានការបង្ហាញខ្លួនសម្រាប់ការប្រកួតនៅក្នុងលីគកំពូលបារាំងក្នុងក្រុមលោក។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport កាលពីព្រឹកថ្ងៃទី១៦ មករា ឆ្នាំ២០២១នេះ។
អតីតគ្រូបង្វឹកក្រុម Tottenham វ័យ៤៨ឆ្នាំរូបនេះបានឡើងកាន់តំណែងជាអ្នកចាត់ការទូទៅក្លិប Paris St-Germain កាលពីដើមខែនេះ ហើយបានឈ្នះពានរង្វាន់មួយនៅក្នុងការប្រកួតទី៣របស់លោកដែលទើបនឹងមកដឹកនាំនៅបារាំង ខណៈដែលក្រុម PSG បានផ្តួល Marseille ដើម្បីឈ្នះពានរង្វាន់ Trophee des Champions កាលពីថ្ងៃពុធ។
ក្លិប Paris St-Germain ប្រឈមមុខនឹងក្រុម Montpellier ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលបារាំង Ligue 1 ថ្ងៃសុក្រ ទី២២ មករាខាងមុខ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានឲ្យដឹងថា លោក Pochettino បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ដែលបានបញ្ជាក់កាលពីថ្ងៃទី១៥ មករា។សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា គាត់នឹងគោរពតាមការណែនាំដោយកំពុងរស់នៅដាច់ដោយឡែកពីគេ ហើយត្រូវគោរពតាមពិធីសារសុខភាពសមស្របរបស់អាជ្ញាធរផងដែរ ។ ជំនួយការរបស់គាត់គឺលោកJesus Perez និងលោក Miguel D’Agostino នឹងទទួលបន្ទុកក្នុងការដឹកនាំក្រុមជំនួសសម្រាប់ការប្រកួតបន្ទាប់។
សូមបញ្ជាក់ថា ក្រុម PSG ដែលបានឈ្នះ៧ប្រកួតក្នុងចំណោម៨ប្រកួតក្នុងលីគកំពូលបារាំង ចុងក្រោយនេះគឺឈរនៅលេខ២ក្នុងតារាងបន្ទាប់ពី១៩ប្រកួតដែលចាញ់ក្រុមលេខ១ Lyon តែ១ពិន្ទុប៉ុណ្ណោះ ៕ដោយ៖ភារៈ