លោក Joan Laporta, លោក Victor Font និងលោក Toni Freixa គឺជាបេក្ខជនទាំង៣នាក់ដែលនឹងឈរឈ្មោះប្រជែងគ្នានៅក្នុងការបោះឆ្នោតប្រធានក្លិបនាពេលខាងមុខរបស់ Barcelona ។
ពួកគាត់មានតែ៣នាក់ប៉ុណ្ណោះដែលបានផ្តល់នូវចំនួនហត្ថលេខា និងការធានាច្រើនជាងគេ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានបង្ហាញថា “ក្រុមប្រឹក្សាភិបាលបោះឆ្នោតបានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍នេះនៅឯសវនដ្ឋាន ក្នុងកីឡដ្ឋាន Camp Nou ដើម្បីប្រកាសបេក្ខជនដែលទទួលបានសំឡេងច្រើនសម្រាប់ការបោះឆ្នោតប្រធានក្លិប Barcelona ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យទី២៤ ខែមករា ឆ្នាំ២០២១”។
បន្ទាប់ពីមានសុពលភាពនៃហត្ថលេខាដែលបានបង្ហាញសមាជិក៣រូបដូចជាលោក Joan Laporta, លោក Victor Font និងលោក Toni Freixa ត្រូវបានប្រកាសជាបេក្ខជនផ្លូវការសម្រាប់ប្រជែងតំណែងជាប្រធានក្លិប Barcelona ដោយអនុលោមតាមមាត្រា៤៨.៥ នៃលក្ខន្តិកៈក្លិប។
លោក Laporta បានបង្ហាញសំឡេងចំនួន៩.៦២៥ ខណៈដែលលោកVictor Font មាន ៤.៧១៣សំឡេង និងលោក Toni Freixaមាន២.៨២២សំឡេង។ បេក្ខជនទាំង៣នាក់នឹងជួបជាមួយលោក CarlesTusquets ដែលជាប្រធានក្រុមប្រឹក្សាភិបាលបណ្តោះអាសន្ននៅថ្ងៃសៅរ៍នេះ ។
គេនៅមិនទាន់ច្បាស់ទេថា តើការបោះឆ្នោតនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេចនៅថ្ងៃទី២៤ ខែមករាដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលអាចជាការរារាំងការបោះឆ្នោតក៏ថាបាន ៕
ដោយ៖ភារៈ