ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! រដ្ឋាភិបាលចិនផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះបានប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងបែបនេះ តាមរយៈសារសំឡេងជាពិសេសផ្ញើជូនប្រជាពលរដ្ឋនៅតាមបណ្តាញសង្គម។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមឡើយសម្តេចបានប្រកាសពីការទទួលវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ តែក្នុងបរិបទកម្ពុជាកំពុងទទួលរងការរីករាលដាលដូចពេលបច្ចុប្បន្ន គឺមិនអាចរង់ចាំបានទៀតនោះទេ អាស្រ័យហេតុនេះទើបកម្ពុជាសម្រេចប្រើវ៉ាក់សាំងជំងឺកូវីដ-១៩។

មិនត្រឹមតែហេតុផលមួយនេះទេ បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «យើងមិនអាចរង់ចាំបន្តទៅទៀតបាននោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំងដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន ដែលមានមនុស្សដល់រាប់លាននាក់បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀតរាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន»។

សម្តេចតេជោ បានបន្ថែមថា «យើងមិនអាចបន្តរង់ចាំទៀតបានទេ ដោយសារភាពចាំបាច់នៃការការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង ដែលសព្វថ្ងៃនេះ ម្សិលមិញនេះមានការឆ្លងរហូតដល់១៥នាក់។ ថ្ងៃនេះក៏មានការឆ្លងរហូតដល់១០នាក់បន្ថែមទៀត ដែលសុទ្ធតែចេញមកពីប្រទេសថៃនៅជិតខាងយើង។ ដូច្នេះយើងមានការចាំបាច់ដើម្បីប្រើប្រាស់នូវវ៉ាក់សាំងនេះសម្រាប់ការការពារ»។

បើតាមសម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះ មិនថាតែវ៉ាក់សាំងចិនទេ វ៉ាក់សាំងប្រទេសដទៃទៀតក៏មិនទាន់ដឹងពីសុពលភាព ឬប្រសិទ្ធភាពនៅឡើយទេ។ ប៉ុន្តែសម្រាប់មេដឹកនាំចិន បានប្រើប្រាស់វ៉ាក់សាំងចិននេះ តាំងពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំជឿជាក់ថា វ៉ាក់សាំងនេះនឹងអាចសម្រួលឱ្យយើងដោះស្រាយបានបញ្ហាមួយផ្នែក។ បើទោះបីជាយើងមិនទាន់ដឹងប្រសិទ្ធភាពពិតប្រាកដក្តី។ មិនមែនគ្រាន់តែវ៉ាក់សាំងរបស់ចិននោះទេ ប៉ុន្តែវ៉ាក់សាំងនៅគ្រប់ប្រទេសទាំងអស់មិនទាន់ដឹងថា តើមានសុពលភាពរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ឬមួយជីវិតនោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំព្រះករុណាខ្ញុំបានដឹងថា មេដឹកនាំចិនបានចាក់តាំងពីខែតុលាឯណោះ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា «រហូតមកដល់ពេលនេះរដ្ឋមន្ត្រីការបរទេស វ៉ាង យី របស់សាធារណរដ្ឋប្រជាមានិតចិន មានសុខភាពល្អណាស់ ហើយដើរស្ទើរគ្រប់ទីកន្លែង។ ឥឡូវកំពុងធ្វើទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះផងដែរ បន្ទាប់ពីទស្សនកិច្ចនៅតំបន់អាហ្វ្រិក។ ដូច្នេះបទពិសោធន៍នៃរដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាមេដឹកនាំដ៏សំខាន់មួយរូបរបស់ចិន បានផ្តល់ឱ្យយើងមានជំនឿជឿជាក់ថា វាពុំមានហានិភ័យណាមួយទៅដល់អាយុជីវិតរបស់មនុស្សនោះទេ សម្រាប់វ៉ាក់សាំងរបស់ចិន»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន ដែលកម្ពុជាយកមកប្រើប្រាស់នេះ គឺជាវ៉ាក់សាំងស៊ីណូហ្វាម។

សម្តេចតេជោ បានបញ្ជាក់ពីមូលហេតុ ដែលប្រើវ៉ាក់សាំងស៊ីណូហ្វាមនេះ ដោយសារវាអាចរក្សានៅក្នុងសីតុណ្ហភាព ២ទៅ៨អង្សាលើសូន្យ ងាយស្រួលក្នុងការរក្សាទុក បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះតម្រូវឱ្យរក្សានៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ។ បន្ថែមពីលើនោះ ការប្រើប្រាស់វ៉ាក់សាំងរបស់ចិន ងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រធានាធិបតីចិន លោក ស៊ី ជិីនពីង, លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង និងរដ្ឋមន្ត្រីការពារជាតិចិន ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ។ សម្តេចតេជោ បានបញ្ជាក់ថា តាមរយៈការគាំទ្រដល់កងយោធពលខេមរភូមិន្ទនេះ គឺកម្ពុជានឹងប្រើទៅអង្គភាពជួរមុខទាំងអស់។

សម្តេចតេជោ បានបញ្ជាក់ដែរថា ក្រៅពីការប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន១លានដូសជាជំនួយរបស់ចិននេះទៅ កម្ពុជានឹងបន្តស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ ឬរហូតដល់១៣លាន បើមានតម្រូវការឱ្យចាក់វ៉ាក់សាំងដល់ ៨០ភាគរយនៃចំនួនប្រជាពលរដ្ឋនោះ។

បើតាមសម្តេចតេជោ ហ៊ុន សែន ជនអាទិភាពដែលនឹងត្រូវទទួលបានវ៉ាក់សាំងនោះ រួមមាន៖ អ្នកនៅជុំវិញព្រះមហាក្សត្រ, សម្តេចតេជោ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា ព្រមទាំងគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា អ្នករត់ម៉ូតូឌុប ម៉ូតូកង់៣ និងតាក់ស៊ីជាដើម។

សម្តេចតេជោ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងធ្វើឡើងដោយមិនគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។ បើទោះបីមានវ៉ាក់សាំងក្តី តែសម្តេចតេជោ បានអំពាវនាវប្រជាពលរដ្ឋបន្តប្រកាន់វិធានរបស់ក្រសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ-១៩៕

ដោយ៖សិលា


ចែករំលែក៖