ព័ត៌មានទាន់ហេតុការណ៍៖

របាយការណ៍ស្ថានភាពសត្វក្រចកជើងចំពាមនៅតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរីត្រូវបានដាក់បង្ហាញនិងផ្សព្វផ្សាយ, អ្នកជំនាញរកឃើញថាចំនួនសត្វព្រៃធ្លាក់ចុះគួរឲ្យព្រួយបារម្ភ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ការអប់រំផ្សព្វផ្សាយឲ្យបានដល់មូលដ្ឋាន និងការចូលរួមរបស់ប្រជាសហគមន៍មូលដ្ឋាន គឺជាការចាំបាច់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃឲ្យបានស្ថិតស្ថេរ និងចីរកាល។ នេះជាការគូសបញ្ជាក់ឲ្យដឹងពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីស្ថានភាពសត្វក្រចកជើងចំពាមនៅដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីរសៀលថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីវិធីសាស្រ្តស្រាវជ្រាវសត្វព្រៃ និងការផ្សព្វផ្សាយពីរបាយការណ៍ស្ដីពីស្ថានភាពសត្វក្រចកជើងចំពាម រួមទាំងការធ្វើទស្សនកិច្ចទៅកាន់តំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីអ្នកសារព័ត៌មានមកពីបណ្ដាអង្គភាពចំនួន២៦, លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី, មន្រ្តីឧទ្យានុរក្ស, នាយកអង្គការ WWF និងក្រុមការងារស្រាវជ្រាវសត្វព្រៃនិងជីវៈចម្រុះ។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន សូមអំពាវនាវដល់សាធារណជនទូទៅសូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងបញ្ឈប់ការប្រើប្រាស់ផលិតផលសត្វព្រៃគ្រប់ប្រភេទ។ លោករដ្ឋលេខាធិការថ្លែងថា «យើងខ្ញុំសូមស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជាសូមនិយាយថា “ទេ! ចំពោះសាច់សត្វព្រៃ! ហើយសូមចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជាឱ្យស្ថិតនៅគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយៗទៀត»។

ការថ្លែងបែបនេះក្រោយពីរបាយការណ៍ត្រូវបានបង្ហាញពីទិន្នន័យនិងលទ្ធផលនៃការស្រាវជ្រាវសត្វព្រៃរកឃើញថាមានការធ្លាក់ចុះសត្វព្រៃ និងលទ្ធផលនៃការតាមដានសត្វក្រចកជើងចំពាម ក្នុងចន្លោះឆ្នាំ២០១០-២០២០ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលបានបង្ហាញថា ចំនួនសត្វទន្សោង បានធ្លាក់ចុះប្រមាណ៧២% សត្វឈ្លូស ប្រមាណ៥២% និងសត្វជ្រូកព្រៃប្រមាណ១៨% បើប្រៀបធៀបនឹងលទ្ធផលនៃការស្រាវជ្រាវ នៅឆ្នាំ២០១០-២០១១ កន្លងទៅ។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ទៀតថា «ការធ្លាក់ចុះនេះជាការក្រើនរំលឹកដល់យើងទាំងអស់គ្នា ប៉ុន្តែវាក៏ផ្តល់ជាឱកាសឱ្យយើងទាំងអស់គ្នាក្នុងការខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់ និន្នាការនៃការធ្លាក់ចុះនេះ»។

លោក សេង ទៀក នាយកអង្គការ WWF បានលើកឡើងអំពីការប្រើប្រាស់អន្ទាក់ដែលមិនត្រឹមតែអាចឆក់យកជីវិតសត្វព្រៃប៉ុណ្ណោះទេ វាថែមទាំងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មន្រ្តីឧទ្យានុរក្ស មន្រ្តីសហការ និងក្រុមការងារស្រាវជ្រាវសត្វព្រៃផងដែរ។ លោកលើកឡើងទៀតថា ក្រសួងបរិស្ថាន និងអង្គការ WWF បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងដៃគូនានា ដើម្បីរៀបចំឡើងនូវវិធានការអភិរក្ស ដើម្បីកាត់បន្ថយការបរបាញ់និងការដាក់អន្ទាក់សត្វព្រៃខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់។ ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងសិក្សាពីលទ្ធភាពក្នុងការអនុវត្តកម្មវិធីស្ដារសត្វក្រចកជើងចំពាមឡើងវិញ ដែលជាតម្រូវការបន្ទាន់ក្នុងការបញ្ឈប់និន្នាការធ្លាក់ចុះនៃចំនួនសត្វទាំងនេះ និងការចាត់វិធានការឆ្លើយតបទៅដល់ឬសគល់នៃការជួញដូរសត្វព្រៃខុសច្បាប់។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារស្រាវជ្រាវសត្វព្រៃនិងជីវៈចម្រុះដែលបានរំលេចពីលទ្ធផលនៃការស្រាវជ្រាវនៅក្នុងរបាយការណ៍ឆ្លុះបញ្ចាំងឲ្យបានឃើញនាថ្ងៃនេះ។ ជាមួយគ្នានេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងសូមយកឱកាសនេះរម្លឹកដល់វិញ្ញាណក្ខន្ធចំពោះអតីតមន្រ្តីអភិរក្សដែលបានទទួលមរណភាពក្នុងបុព្វហេតុការងារការពារ និងអភិរក្សធនធានធម្មជាតិនាពេលកន្លងមក។ លោកបានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ឲ្យចូលរួមថែរក្សា ការពារ និងអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ព្រមទាំងការផ្ដល់នូវកិច្ចសម្របសម្រួលនានាដល់អ្នកស្រាវជ្រាវសត្វព្រៃ សំដៅឈានទៅដល់ការសម្រេចបាននូវការប្រមូលសំណាកសត្វព្រៃដើម្បីធ្វើ DNA ក្នុងការកំណត់អត្តសញ្ញាណ។

ផ្អែកតាមទិន្នន័យដែលបានបង្ហាញនៅក្នុងរបាយការណ៍បង្ហាញថា នៅរវាងឆ្នាំ២០១០ ដល់ឆ្នាំ២០១១ សត្វទន្សោងមានចំនួនប្រមាណ ១,៩១១ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រមាណ១,១០២ក្បាល នៅក្នុងដែនជម្រកសតក្វព្រៃភ្នំព្រេច។ បច្ចុប្បន្ននេះ ចំនួនសត្វទន្សោង ត្រូវបានគេប៉ាន់ប្រមាណថានៅសេសសល់ប្រហែល ៣៧១ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រហែល ៤៨៥ក្បាល នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ សរុបទាំងអស់មានចំនួន ប្រមាណ៨៥៦ក្បាល ធ្លាក់ចុះ៧២ភាគរយ។

ដោយឡែកសត្វឈ្លូស ដោយផ្អែកតាមការប៉ាន់ប្រមាណនៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១១ សត្វឈ្លូសមានចំនួនប្រមាណ ៤,៤៥៣ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រមាណ ២,៥៤៣ក្បាល នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ ចំនួនសត្វឈ្លូស ត្រូវបានប៉ាន់ប្រមាណថានៅសេសសល់ប្រហែល ១,៤២៥ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រហែល ១,៩២៥ក្បាល នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ សរុបមានចំនួនប្រមាណ ៣,៣៥០ក្បាល ធ្លាក់ចុះ៥២ភាគរយ។

ផ្អែកតាមការប៉ាន់ប្រមាណនៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១១ ដូចគ្នា សត្វជ្រូកព្រៃមានចំនួនប្រមាណ ៣,៣១៤ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រមាណ ១,៥៩៥ក្បាល នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ បច្ចុប្បន្នចំនួនសត្វជ្រូកព្រៃត្រូវបានប៉ាន់ប្រមាណថា នៅសេសសល់ប្រហែល ២,១៦៩ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រហែល ១,៨៤៨ក្បាល នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ សរុប៤,០១៧ក្បាល ធ្លាក់ចុះ១៨ភាគរយ។

របាយការណ៍ដដែលបានបង្ហាញដែរថា ចំនួនសត្វរមាំង ខ្ទីង និងប្រើស មានកម្រិតតិចតួច ហើយនៅរាយប៉ាយដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ទាំងពីរ(ស្រែពក និងភ្នំព្រេច)នេះ។

បើទោះជារបាយការណ៍បានបង្ហាញពីស្ថានភាពធ្លាក់ចុះគួរឱ្យបារម្ភយ៉ាងនេះក្ដី ក៏អ្នកជំនាញនិងអ្នកពាក់ព័ន្ធ នឹងរិះរកវិធានការក្នុងការជួយសង្គ្រោះសត្វព្រៃទាំងនេះពីការផុតពូជ។ ប៉ុន្ដែប្រសិនបើគ្មានវិធានការអភិរក្សបន្ទាន់ និងប្រកបដោយភាពច្នៃប្រឌិតថ្មីទេ សត្វព្រៃនិងជីវៈចម្រុះនឹងនៅតែបន្ដធ្លាក់ចុះបន្ដិចម្ដងៗរហូតដល់អាចបាត់បង់ទាំងស្រុង៕

ដោយ ៖សិលា


ចែករំលែក៖