ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​១៦៣​គ្រួ​សារបាន​ធ្វើ​សន្និសីទកាសែត បង្ហាញ​ឯកសារ​ដល់​សាធារណជន និងអោយ លោក ដួង តារា បានដឹងប្រវត្តិដី ខណ:គាត់មិនទាន់ទទួលបានដំណោះស្រាយ ២គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវដែលកើតមានបញ្ហាជម្លោះដីធ្លី ប្រមាណជា ១០ឆ្នាំមុន បានចាប់ផ្ដើមកក្រើកឡើងវិញ ឈានដល់អតីត​តំណាង​ប្រជាពលរដ្ឋ​១៦៣​គ្រួ​សារបាន​ធ្វើ​សន្និសីទកាសែត បង្ហាញ​ឯកសារ​ដល់​សាធារណជន និង​បាន​ផ្តល់​ជា​ដំណឹង​ដល់​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តី​ការគណៈរដ្ឋមន្ត្រី ឱ្យ​បាន​ជ្រាប​ថា ដី​ទំនាស់​ប្រមាណ​ជាង​១០​ឆ្នាំ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​, ហើយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ធ្វើ​ប្លង់​រឹង​ឯកភាព​លក់​យក​លុយ​ចែក​គ្នា​អស់ហើយ មិន​ត្រូវ​លើកយក​មក​ដោះស្រាយ​ទៀត​នោះ​ទេ។ នេះជាការលើកឡើងរបស់ពួកគាត់នៅក្នុងសន្និសីទកាសែត។ 

សូមបញ្ជាក់ថា ការ​ធ្វើ​សន្និសីទ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១កន្លងទៅ នៅ​ក្នុងភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បន្ទាប់​ពី​ប្រជាពលរដ្ឋ ដែល​ជា​សមាជិក ចំនួន​២​នាក់ មិន​ទទួលយក​ចំណែក​របស់​ខ្លួន ហើយ​បាន​កៀរគរ​ប្រជាពលរដ្ឋ​ដើម្បី​តវ៉ា នៅ​លើ​ដី​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ហើយ​ត្រូវ​បាន​លោក​ដួង តារា អញ្ជើញ​ចុះ​ទៅ​សាកសួរ និង​ហៅ​ទៅ​ជួប​ដោះស្រាយ  កុំអោយមានវិវាទ ក្នុងគោលបំណង ឈ្នះ ឈ្នះ ទាំងអស់គ្នា តាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កន្លងទៅនោះ នៅ​ក្នុង​សន្និសីទកាសែត លោកស្រី ព្រីង សុ​ជាតិ អតីត​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន ១៦៣​គ្រួសារ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​លោកស្រី ជា សា​រ៉ុ​ម បាន​កៀរគរ​ប្រជាពលរដ្ឋ ដើម្បី ធ្វើការ​តវ៉ា លោក​ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អ​ញ្ចើ​ញ​រូប​គាត់​ទៅ​ជួប​ដោះស្រាយ នៅ​វិមាន​សន្តិភាព​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ដោយ​មានការ​ចូល​ពី​លោក ​មួ​ង ឃី​ម ផង​ដែរ ។

បើតាមរយៈសន្និសីទសារព័ត៌មាននេះ គឺតំណាង​រូប​នោះ ក៏​បាន​អះអាង​ថា ក្នុង​ហៅ​ជួប​ដោះស្រាយ លោក ដួង តារា ក៏​បានឱ្យ​គាត់​ហៅ​ក្រុមហ៊ុន​ចេញ​មុខ មក​ដោះស្រាយ​ចេញ​លុយ​ឱ្យ​ភាគី​ខាង​លោកស្រី​ជា សា​រ៉ុ​ម ចំនួន ១០​នាក់​ទៀត​។ បើ​ពុំនោះ គាត់​នឹង​ធ្វើ​របាយការណ៍​ទៅ​សម្តេច​តេ​ជោ ឱ្យធ្វើ​ការ​វះកាត់​ដើម្បីឲ្យប្រទេសមានយុត្តិធម៌។

ផ្ទុយទៅវិញ ក្នុងករណីនេះ បែជាលោកស្រី តំណាង​រូប​នោះ ក៏​បាន​បញ្ជាក់​ថា ដី​នោះ ទំនាស់​ចប់​ជា​ស្ថាពរ មិន​ត្រូវ លោក ដួង តារា ហៅ​មក​ដោះស្រាយ​ទៀត​នោះ​ទេ គឺ​គាត់​គ្មាន​សិទ្ធិ​នោះ​ទេ​។ នៅ​ក្នុង​ការ​ជួប​នោះ លោក​រដ្ឋ​លេខា​ធិការ ក៏​បាន​ជួប​សាកសួរ និង​មើល​ឯកសារ តែ​ម្ខាង ចំណែក​ខាង​គាត់​ពុំ​ត្រូវ​បាន​សាកសួរ និង​សួរ​រក​ឯកសារ​ឡើយ​។

ដី​នោះ​មាន​ទំហំ​ប្រមាណ​ជាង​៩០០០​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ជា​ដី​រួម របស់​ប្រជាពលរដ្ឋ​ចំនួន​១៦៣​គ្រួសារ​ដែល​បាន​ឈ្នះក្តី​ពី​លោក គឹ​ម កៅ ជា​តំណាង​ឱ្យ​ក្រុមហ៊ុន គឹ​ម​ហាប់ តាម​អំណាច​សាលដីកា​តុលាការ​កំពូល ហើយ​បាន​ចុះ​អនុវត្ត​សាលក្រម តាំងពី​ឆ្នាំ​២០១៨ ប្រគល់​ដី​នោះ ឱ្យ​ប្រជាពលរដ្ឋ​រួច​ហើយ ។

លោកស្រី​តំណាង​ក៏​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ដី​រួច​ហើយ ត្រូវ​បាន​អាជ្ញាធរ រាជ​ធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ៍​កម្ម និង​សំណង់ ក៏​បាន​ធ្វើ​ប្លង់​រឹង​ជូន​ប្រជាពលរដ្ឋ ដែល​មាន​រូប​គាត់​ជា​តំណាង​។

បើតាមការបញ្ជាក់ពីទំព័រក្នុងស្រុកមួយក៏បានលើកឡើងថាដោយសារ​តែ​ដីរួម ប្រជាពលរដ្ឋ​ចំនួន​១៦១​គ្រួសារ ក៏​បាន​ឯកភាព​លក់​នៅ​តែ​២​គ្រួសារ របស់​លោកស្រី ជា សា​រ៉ុ​ម មិន​ព្រម​លក់ ទើប​អាជ្ញាធរ​រៀបចំ​កាត់​ដី ចំណែក​របស់​គាត់​ចេញ ហើយ​លោកស្រី​ជា សា​រ៉ុ​ម មិន​សុខចិត្ត ក៏​បាន​បន្ត​ធ្វើការ​តវ៉ា​រហូត ។

លោកស្រី ព្រីង សុ​ជាតិ ក៏​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​លក់​ចែក​ដី​គ្នា សុទ្ធតែ​មាន​ឯកសារ​គតិ​យុត្តិ ដែល​ទទួលស្គាល់​ពី​តុលាការ​ទាំង​៣​ថ្នាក់ និង​មាន​អាជ្ញាធរ​ដឹង​ឮ​ទាំង​បញ្ជី​ឈ្មោះ របស់​ប្រជាពលរដ្ឋ​ចំនួន​១៦៣​គ្រួសារ ។ បើ​ឈ្នះក្តី នៅ​តុលាការ​៣​ថ្នាក់ ហើយ​អាជ្ញាធរ ដឹង​ឮ​រៀបចំ​ឯកសារ​លក់​ដី​នោះ ដោយ​ស្របច្បាប់​ហើយ បែរជា​លោក​ដួង តារា លើកយក​មក​ដោះស្រាយ​ទៀត តើ​ត្រឹមត្រូវ​ទេ? នេះគ្រាន់តែជាការលើកឡើងរបស់ពួកគាត់តែប៉ុណ្ណោះ។ 

ពួកគាត់បានលើកឡើងទៀតថា, គួរតែ​ដោះស្រាយ​នូវ​ទំនាស់​ដីធ្លី​ណា ដែល​មិន​ទាន់​ចប់​ទៅ​។ មានន័យថា, ពួកគាត់ចង់ឲ្យអាជ្ញាធរនិងថ្នាក់លើ ដោះស្រាយចំពោះដីដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ។ ដោយឡែកចំពោះដីដែលមានប្លង់រឹង នោះជាសមត្ថកិច្ចរបស់តុលាការ។

គួរ​បញ្ជាក់​ថា ដី​ទំនាស់​នោះ បាន​ប្តឹងប្តល់​គ្នា​អស់​រយៈពេល​ជាង​១២​ឆ្នាំ រហូត​បាន​ឈ្នះ​។ នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ ២០១៨ នៅ​ពេល​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ចុះ​ទៅ​អនុវត្ត​សាលដីកា​កំពូល ប្រគល់​ដី​ឱ្យ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ បាន​នាំ​គ្នា​លើក​បដា និង​កាន់​ព្រះ​ឆាយា​ល័​ក្ខ​ព្រះមហាក្សត្រ​, រូបថត​សម្តេច​តេ​ជោ ដើម្បី​អបអរសាទរ និង​គាំទ្រ​ចំពោះ​រាជ​រដ្ឋបាល​ភិ​បាល និង​តុលាការ​ផងដែរ។ 

ពាក់ព័ន្ធក្នុងករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានប្រាប់អង្គភាព នគរវត្ត តាមទូរស័ព្ទ នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា: “តាមពិតទៅរឿងនេះត្រូវបានបញ្ចប់រួចអស់ហើយ ដោយមានការសម្របសម្រួលដោះស្រាយ ពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប៉ុន្តែនៅសល់ចំនួន ២ គ្រួសារទៀត គាត់មិនព្រមទទួលយកដំណោះស្រាយ ទើបឈាន នាំគ្នាមកតវ៉ា នឹងធ្វើសន្និសីទសារព័ត៌មាន។

លោកអភិបាលខណ្ឌបន្តថា, ការតវ៉ា ការធ្វើសន្និសីទសារព័ត៌មាន នោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ត្រូវតែមានគោលជំហរដោះស្រាយជូនគាត់ ទៅតាមផ្លូវច្បាប់។

ដោយឡែកបលោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អង្គភាព នគរវត្ត មិនអាចសុំការបកស្រាយបានឡើយទេនៅយប់ថ្ងៃនេះ។ ខណៈលោក កំពុងព្យាយាម រកដំណោះស្រាយ ឲ្យមានការបញ្ចប់វិវាទ ទទួលយកបាននូវយុត្តិធម៌ ឈ្នះ ឈ្នះ ទាំងអស់គ្នា៕

ដោយ៖សហការី


ចែករំលែក៖