ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាចំនួន២២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គិភ័យ ដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ម៉ែត្រ ចំនួនមួយគ្រឿង។ រថយន្តពន្លត់អគ្គិភ័យប្រភេទបែបនេះ នឹងក្លាយជារថយន្តពន្លត់អគ្គិភ័យលើកដំបូងគេ និងមិនធ្លាប់មានដែលបាន ដាក់ឲ្យប្រើប្រាស់នៅរាជធានីភ្នំពេញ។
លោកមិកាបំ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយ តូចសន្ដិសុខមនុស្សជាតិ KUSANONE ជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ មករា ២០២១ នេះបានបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំរដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ KUSANONE មានន័យថា មូលដ្ឋាន ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦០០តាមរយៈជំនួយឥតសំណង KUSANONE ។
លោកបន្តថា គម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន ហើយគម្រោងដែលបានចុះហត្ថលេខានេះមានដូចខាងក្រោម៖. ក្រោមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ រាជរដ្ឋាភិ បាលជប៉ុននឹងផ្តល់ថវិកាចំនួន ២ ២៧,៧៣៦ ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គិភ័យដែលបំពាក់ដោយកាំជណ្តើរ កម្ពស់៤០ ម៉ែត្រ ចំនួនមួយគ្រឿង ដែលនឹងក្លាយជារថយន្តពន្លត់អគ្គិភ័យប្រភេទបែបនេះលើកដំបូងគេ ដែលមិនធ្លាប់ដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ ជប៉ុនក៏នឹងផ្គត់ផ្គង់រថយន្តពន្លត់អគ្គិភ័យដែលបំពាក់ដោយសារធាតុគីមី ចំនួនមួយគ្រឿង និងរថយន្តទឹកពន្លត់អគ្គិភ័យ ចំនួនពីរគ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៀត មូលនិធិជំនួយឥតសំណងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់កម្មវិធីបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ និងការថែរក្សាឧបករណ៍ពន្លត់អគ្គិភ័យនេះ។ កម្មវិធីបណ្តុះបណ្តាល នេះ នឹងជួយអ្នកពន្លត់អគ្គិភ័យជនជាតិខ្មែរឆ្លើយតបចំពោះអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ និងឧប្បត្តិហេតុនានាដែលពាក់ព័ន្ធនឹងវត្ថុធាតុដែលមានគ្រោះថ្នាក់ខ្ពស់ ដោយមានន័យថាពួកគេ នឹងអាចឆ្លើយតបឲ្យបានលឿន និងមានប្រសិទ្ធភាព។ ជំនួយនេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជនប្រមាណ៤០០,០០០នាក់ នៅរាជធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរ និងអ្នកដំណើរជំនួញមកពីជុំវិញពិភពលោកផងដែរ។ស្របពេលដែលកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះត្រូវបានចុះហត្ថលេខា អនុស្សារណៈយោគយល់គ្នា រវាងកងកម្លាំងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងក្រុមហ៊ុន Safety Sakura Service Co., Ltd.ត្រូវបានចុះហត្ថលេខាក្នុងគោល បំណងពង្រឹងទំនាក់ទំនង និង សមត្ថភាពបន្ថែមទៀត។
លោកបន្តទៀតថា តាមអនុស្សារណៈនេះរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងពន្លត់អគ្គិភ័យនៃព្រះរាជាណាចក្រកម្ពុជានិងក្រុមហ៊ុនSafety Sakura Service Co.,Ltd. នឹងសហការគ្នាដើម្បីសំរេចបាន នូវការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ របស់កងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ។
លោកបន្តទៀតថា នៅពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ទន្ទឹមនឹងនេះក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវ ដោះស្រាយ។ ប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង គូសាណូណ៌។
លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលជានិច្ចជាកាលតែងតែជួយជាជំនួយមកកម្ពុជាដោយឥតសំណង ពិសេសនៅរាជធានីភ្នំពេញជប៉ុនបានជួយជំនួយជាច្រើនមិនថា ថវិកានិងបច្ចេកទេសនោះទេ ។ជាក់ស្តែងជប៉ុនបានជួយលើប្រព័ន្ធការពារទឹកជំនន់ ដែលមកដល់ពេលនេះបានឈានដល់ គម្រោងការពារទឹកជំនន់ជំហានទី៤ហើយ។
លោកឃួង ស្រេង បន្តថា កម្ពុជានិងជប៉ុនបានចងសម្ព័ន្ធមេត្រីភាពជាមួយប្រទេសកម្ពុជាយើងចំនួន ៦២ឆ្នាំហើយ ហើយទំនាក់ទំនងនេះកម្ពុជាបានផ្លែផ្កាជាច្រើនពីប្រទេសជប៉ុន៕
ដោយ៖សំរិត