ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី អុល ប៉ុណ្ណា ស្នងការរងនគរបាលខេត្តកណ្ដាល ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតវិន័យរបស់កងកម្លាំងនគរបាលជាតិជាលើកទីមួយកន្លងទៅនេះ ពិតជាមានភាពមិនប្រក្រតីជាច្រើនក្នុងការបំពេញការងារ។ ក្នុងនោះក៏បែកធ្លាយថា, សូម្បីតែប្រវត្តិរូបក៏មិនចេះសរសេរផង គឺឲ្យគេសរសេរឱ្យ។ តែបើសរសេររបាយការណ៍ដោយផ្ទាល់ដៃខ្លួនឯងវិញ មួយសន្លឹកស្ទើរតែខុសអក្ខរាវិរុទ្ធរាប់មិនអស់។ ចំណុចនេះគេសង្ស័យថា លោកស្នងការរង រូបនេះមានចំណេះដឹងទាប ប៉ុន្តែមានឱកាសធ្វើការមានតួនាទីធំទៅវិញ ? ហើយនៅក្នុងប្រវត្តិរូប កំរិតវប្បធម៌ ដាក់សុទ្ធតែបរិញ្ញាបត្រជាន់ខ្ពស់! ក្នុងនោះសូម្បីតែការស្លៀកពាក់ឯកសណ្ឋានជានាយនគរបាលជាតិ មិនត្រូវតាមលក្ខណៈ ស្មើនឹងមិនបានចូលសាលា។
សូមរំលឹកថា,កន្លងទៅសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច អនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦ ១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ សាមីខ្លួនដែលមានឈ្មោះ ត្រូវកែប្រែនូវកំហុសឆ្គងឱ្យបានត្រឹមត្រូវ ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះខាងលើ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។
សូមបញ្ជាក់ថា, បុគ្គលខាងលើនេះ ធ្លាប់យកឈ្មោះអ្នកធំទៅប្រើប្រាស់ក្នុងជំនួញរកស៊ីដីធ្លី និងរត់ការផ្សេងៗស៊ីដាច់លុយគេទៀតផង ក្នុងករណីរត់ការឡើងស័ក្តិ មេដាយ រហូតដល់មានបណ្ដឹង ត្រូវបានខាងតំណាងអយ្យការកោះហៅ ។ និងបានយករថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ទៅប្រើប្រាស់ជួលឲ្យឯកជន។
ពាក់ព័ន្ធករណីខាងលើ អង្គភាព កាសែតនគរវត្ត មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ, សិលា