ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន២០គ្រួសារដែលរស់នៅក្នុងសង្កាត់បឹងត្របែក ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខា និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
លោកអភិបាលខណ្ឌ បានណែនាំទៅកាន់អាជ្ញាធរសង្កាត់-ភូមិ ត្រូវយកចិត្តទុកដាក់ និងស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីយើងរៀបចំជាអំណោយសប្បុរសធម៌ចែកជូនដល់ពួកគាត់ ក្នុងន័យជួយសម្រាលការលំបាករបស់បងប្អូន ជាពិសេសក្នុងពេលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ ដោយសារជំងឺកូវីដ-១៩នេះ ស្របតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា នៅទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ។<
លោក ថេង សុថុល បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះ=ឈ្នះ ទើបធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃនេះ។ ជាក់ស្ដែងទាក់ទងទៅនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ សម្ដេច បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដើម្បីទប់ស្កាត់មិនឱ្យមានការរីករាលដាលធ្ងន់ធ្ងរឡើយ ហើយមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើងមិនទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ ។
លើសពីនេះទៀត លោក ថេង សុថុល សូមឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ធ្វើឱ្យប្រជាជននៅ លើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភ។ ដូច្នេះយើងត្រូវអនុវត្តតាមវិធីងាយៗទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា អំណោយដែលទទួលបានក្នុង១គ្រួសារមាន៖ អង្ករចំនួន១បាវ ទម្ងន់ ២៥គីឡូក្រាម, ទឹកត្រីចំនួន១ដប, ទឹកស៊ីអ៉ីវ ចំនួន១ដប, ត្រីខចំនួន២កំប៉ុង , សាប៊ូ ចំនួន១ដុំ, ម៉ាស់ចំនួន១០, មីចំនួន ១០កញ្ចប់, ក្រមា១ និងថវិកា ២០,០០០រៀល ក្នុងនោះថវិការបស់អនុសាខា ១០,០០០រៀល និងថវិការបស់លោកទូច ខាន់ដា ១០,០០០រៀល ៕
ដោយ៖ ជីណា