ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះបានដឹកនាំកម្លាំងអញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសហការជាមួយកម្លាំងចម្រុះ ការពារ ទប់ស្កាត់ការឆ្លងដែនរបស់ពលករមកពីប្រទេសថៃ ដើម្បីនាំពួកគាត់ទៅដាក់នៅតាមមណ្ឌលធ្វើចត្តាឡីស័ក ចៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ក្នុងការចុះត្រួតពិនិត្យនោះក៏មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរងប្រចាំទិសស្រុកជាប់ព្រំដែន, លោកមេបញ្ជាការ មេបញ្ជាការរង វរសេនាតូចលេខ១, ផ្នែកសឹករងកំរៀង, ភ្នំព្រឹក និងសំពៅលូនផងដែរ។
ក្នុងឱកាសនោះ លោកមេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានណែនាំ និងដាក់បទបញ្ជាដល់កម្លាំងទាំងអស់ដែលឈរជើងតាមបណ្តាគោលដៅត្រូវយកចិត្ដទុកដាក់ឲ្យបានខ្ពស់ និងត្រួតពិនិត្យឲ្យបានតឹងរឹង ដោយធ្វើការសហការជាមួយកម្លាំងចម្រុះមន្រ្តីជំនាញធ្វើយ៉ាងណាទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ពីសំណាក់ពលករខ្មែរមកពីប្រទេសថៃ និងត្រូវនាំយកពួកគាត់ទៅកាន់ទីតាំងធ្វើចត្តាឡីស័កដែលបានកំណត់ទុកតាមផែនការ ជាដាច់ខាតមិនបណ្តោយឲ្យពួកគាត់ធ្វើដំណើរបែកខ្ញែកខ្វះការគ្រប់គ្រង ដែលជាមូលហេតុនាំការចម្លងជំងឺកូវីដ-១៩៕
ដោយ៖សិលា