ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង ស្តីពី កម្រិតអត្រាការប្រាក់ពីផ្សារសម្រាប់ប្រាក់ខ្ចី ឆ្នាំ២០២០។
អនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី៣ ផ្នែកទី៣១ នៃប្រកាសលេខ ១១៧៣ សហវ.ពដ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីពន្ធលើប្រាក់បៀវត្ស និងសេចក្តីណែនាំលេខ៧០១៥ អពដ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ស្តីពី ការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្តល់ប្រាក់ឱ្យនិយោជិតខ្ចី ព្រមទាំងសេចក្តីណែនាំ លេខ ១៥១ អពដ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ស្តីពីការកំណត់ចំណាយការប្រាក់របស់សហគ្រាស អគ្គនាយកដ្ឋាន ពន្ធដារសូមធ្វើការកំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់ខ្ចី ឆ្នាំ២០២០ ដោយផ្អែកលើការគណនាមធ្យមភាគនៃ មធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន ៨ (ប្រាំបី ) ដូចខាងក្រោម៖
៨,៩២% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល
៤,៤៨% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។
អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់បន្ថែមថា អត្រាការប្រាក់ខាងលើនេះប្រើប្រាស់ក្នុងគោលដៅអនុវត្ត កាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្តល់ប្រាក់ឱ្យនិយោជិតខ្ចីតែប៉ុណ្ណោះ។ ចំពោះប្រតិបត្តិការខ្ចីប្រាក់ ក្នុងចំណោមបុគ្គលទាក់ទិន អត្រាការប្រាក់ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ ១១៩៨៦ អពដ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្តីពីវិធានការប្រាក់ចំពោះបុគ្គលទាក់ទិន ជាធរមាន។ ដោយឡែក ចំពោះប្រតិបត្តិការខ្ចីប្រាក់ក្នុងចំណោម បុគ្គលមិនទាក់ទិន អត្រាការប្រាក់ត្រូវអនុវត្តតាមប្រតិបត្តិការកម្ចីជាក់ស្តែង ដែលមានចែងក្នុងកិច្ចសន្យានិងឯកសារ គាំទ្រច្បាស់លាស់ ដោយមិនអនុវត្តតាមកថាខណ្ឌ៣ ចំណុច ក នៃសេចក្តីណែនាំលេខ ១៥១ អពដ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ស្តីពីការកំណត់ចំណាយការប្រាក់របស់សហគ្រាស ទៀតឡើយ។
អាស្រ័យហេតុនេះគ្រប់អង្គភាពពន្ធដារ និងគ្រប់សហគ្រាសជាអ្នកជាប់ពន្ធទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ដោយ៖ សិលា