ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យសើរើដកហូតដី ពីអ្នកទន្ទ្រានយកដីចម្ការស្រល់នៅស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នោះមកវិញ តាមសំណើក្រសួងកសិកម្ម

ចែករំលែក៖

ភ្នំពេញ ៖ ការទន្ទ្រានយកទៅកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីមួយចំនួន ដែលជាដីត្រូវបានធ្វើសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដើមស្រល់នៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រហូតដល់មានលិខិតលក់-ទិញ ចេញដោយអាជ្ញាធរ, និងមានប័ណ្ណកម្មសិទ្ធិក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យមានការសើរើ និងដកហូតមកវិញនូវដីទាំងនោះ។ 

យោងតាមលិខិតរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គោរពជូនសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាព នគរដ្រេហ្គននិងកាសែតនគរវត្ត ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន ជម្រាបជូនសម្តេចថា, ខ្ញុំបាទសូមគោរពជម្រាបជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាជ្រាបថា ក្រុមហ៊ុន ជីសាន វិលស គ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហូរ យើង (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ុនសីរេន បានទទួលការអនុញ្ញាតជាគោលការណ៍ ពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគដាំដើមស្រល់នៅលើសម្បទានដីសេដ្ឋកិច្ច ស្ថិតនៅស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងបានចុះកិច្ចសន្យាស្តីពីការវិនិយោគលើការដាំដើមស្រល់ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅឆ្នាំ២០០៥ និង២០១០ ។ បន្ទាប់ពីទទួលបានការវិនិយោគរួចមក ក្រុមហ៊ុនទាំងពីរនេះបានធ្វើការដាំដើមស្រល់ជាបន្តបន្ទាប់ ហើយគិតមកដល់ពេលនេះ ដើមស្រល់ដែលបានដាំរួច អាចធ្វើអាជីវកម្មប្រមូលផលបាន ប៉ុន្តែផ្ទៃដី ដែលបានដាំដើមស្រល់ រួច ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែយ៉ាងអនាធិបតេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈ ការរំលោភទន្ទ្រានយកកាន់កាប់ពីជនមួយក្រុមតូច បំពានសិទ្ធិស្របច្បាប់ ដោយគ្មានខ្លាចរអែងច្បាប់ និងក្រុមហ៊ុន វិនិយោគ ដែលទីតាំងខ្លះមានការបញ្ជាក់ទិញ-លក់ដីពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់របស់អាជ្ញាធរមូលដ្ឋាន ហើយកន្លែងខ្លះ ទៀតមានទាំងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង ។ ជាមួយគ្នានេះ ផ្ទៃដីព្រៃធម្មជាតិដែលបានរក្សាទុក ការពារតាមជ្រលងដងអូរ ក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងពីរនេះ ក៏ត្រូវទទួលរងការកាប់រានទន្ទ្រានយក ធ្វើជាកម្មសិទ្ធិខុសច្បាប់ផងដែរ ។

ក្រៅពីព្រៃស្រល់ និងព្រៃធម្មជាតិនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងពីរខាងលើ ក៏មានការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធវាតយកធ្វើជាកម្មសិទ្ធិខុសច្បាប់ នូវដីចម្ការឈើសល់របស់រដ្ឋ និងដីចម្ការឈើស្រល់ដែល ព្រះករុណាព្រះបាទសម្តេចព្រះបមេនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា បានយាងដាំក្នុងពិធីរុក្ខទិវាជាតិឆ្នាំ២០០៥ ដោយទីតាំងខ្លះមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតកាន់កាប់ទៀតផង ។

ដោយមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងដំណើរការចុះបញ្ជីដីរដ្ឋ ដីឯកជន របស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ។

ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃការរំលោរកាន់កាប់ដីរដ្ឋដែលកើតឡើងដដែលៗទៀត ក៏ដូចជា ការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំពិភាក្សា ការងារជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី វិធានការគន្លឹះដោះស្រាយ និងសូមគោរពស្នើសុំសម្តេចតេជោ នាយករដ្ឋមន្ត្រី នូវគោលការណ៍គាំទ្រ សម្រាប់បំពេញកិច្ចអនុវត្ត ដូចខាងក្រោម ៖

1, រដ្ឋបាលខេត្តត្រូវចេញលិខិតនិរាករណ៍លើលិខិតទាំងឡាយណា ដែលចេញដោយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មានភាពមិនស្របតាមនីតិវិធីពេញលេញកន្លងមក និងត្រូវចេញដីកាដកហូតដីទាំងនេះមកជាសម្បត្តិរដ្ឋវិញ។

2. រដ្ឋបាលខេត្តត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលើ ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ

-ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងទទឹង ឮពុំព្រមអនុវត្ត តាមវិធាននានា ដែលអាជ្ញាធរដាក់ចេញ ។
-ចំណាត់ការផ្លូវច្បាប់លើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតី លើដីស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-ចំណាត់ការផ្លូវច្បាប់បើរាល់ការបំប្លែងដីរដ្ឋ នៅក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជាដីកម្មសិទ្ធឯកជនមិនមានប្រក្រតីភាព ដោយមិនបានសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

3. ចំណាត់ការ លើការហ៊ុមព័ទ្ធយកជីរដ្ឋខុសច្បាប់តាមគ្រប់រូបភាព ដោយមានកិច្ចសហការគាំទ្រចូលរួមពីកម្លាំងចម្រុះថ្នាក់ជាតិ ។

4. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យលទ្ធភាពអាចស្នើធ្វើនិយ័តកម្ម ឬប្តឹងទៅតុលាការ ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលមិនបានបំពេញនីតិវិធីពេញលេញ នៅជាធរមាន។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទសូម សម្តេចតេជោ នាយកដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាពិនិត្យ សម្រេច និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដោយក្ដីអនុគ្រោះ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំបាទ។

តាមរយៈសំណើរខាងលើនេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពឲ្យមានការដកហូតយកដីទាំងនោះមកវិញ តាមចំណារឯកភាពចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា មួយរយៈនេះការទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិនៅខេត្តមណ្ឌលគិរី ជាពិសេសក្នុងស្រុកអូររាំង ក្រុងសែនមនោរម្យ គឺមានចំនួនច្រើនរាប់ពាន់ហិកតា មានការលក់ទិញ មានប័ណ្ណកម្មសិទ្ធិប្លង់រឹង ចាំមើលពេលនេះ តើការជំនួញដីនៅខេត្តមណ្ឌលគិរី អ្នកណាខ្លះដែលត្រូវបានពាក់ព័ន្ធ ត្រូវបានដកហូត នឹងត្រូវបានផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

ដោយ៖សុខ ខេមរា


ចែករំលែក៖