ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនមុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់ថ្នាំញៀន២នាក់ទៅសាលាដំបូងខេត្តកំពង់ស្ពឺរួមជាមួយថ្នាំញៀនជាង២គីឡូក្រាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅ​​ព្រឹកថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ នេះសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានបញ្ជូនជនសង្ស័យ២នាក់រួមជាមួយវត្ថុតាងថ្នាំញៀនជាង២គ.ក្រទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោស​តាមច្បាប់ ក្រោយពេល​កម្លាំង នគរបាល​ស្រុក​ឧដុង្គ សហការ​ជាមួយ​នគរបាល ឃុំ​ក្រាំងចេក បាន​ឃាត់ខ្លួន កាលពី ថ្ងៃទី​១៨ ខែមករា២០២១ នៅ​ចំណុច​ផ្ទះ​ទុកចោល មួយកន្លែង ស្ថិតក្នុង​ភូមិ​ត្នោត ឃុំ​ក្រាំង​ចេក ស្រុក​ឧដុង្គ​។​
​មន្រ្តីនគរបាលបង្រ្កាបគ្រឿងញៀនខេត្តកំពង់ស្ពឺបានឲ្យដឹងថា មុខសញ្ញា​ដែល​ឃាត់ខ្លួន​នេះ រួមមាន ៖ ១.​ឈ្មោះ លន់ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង និង​២.​ឈ្មោះ ហៀ​ង យូ​ស៊ីម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
​ក្រោយពី​ឃាត់ខ្លួន​ជាក់ស្ដែង បាន​ឆែកឆេរ រកឃើញ​ម្សៅ​ក្រាម ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន ចំនួន ៣ កញ្ចប់ (​តូច ១​កញ្ចប់​, ធំ ២​កញ្ចប់​ស្មើជាង២គ.ក្រ) ទូរស័ព្ទដៃ ១ គ្រឿង ជញ្ជីង​អេឡិចត្រូនិក សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន ១​គ្រឿង , ម៉ូតូ​ម៉ាក Suzuki NEX ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ចំនួន ១​គ្រឿង និង​ឧបករណ៍​កែច្នៃប្រើប្រាស់​គ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្ន សមត្ថកិច្ច បាន​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀនទាំង២នាក់នេះ ទៅសាលាដំបូងខេត្តចាត់ការ​តាមច្បាប់៕
ដោយ៖ប្រាថ្នា


ចែករំលែក៖