ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ កម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ Y & W ជាង៥ពាន់នាក់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧(ចំការដូង)ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបិទផ្លូវនិងផ្ទុះការតវ៉ាជាខ្លាំង ដេីម្បីឲ្យថៅកែរោងចក្របេីកប្រាក់បំណាច់ឆ្នាំ និងប្រាក់៥ភាគរយជូនពួកគាត់ ។
តាមប្រភពព័ត៌មានពីកម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលេីបានប្រាប់ឲ្យដឹងថា ពួកគាត់ធ្វេីការតវ៉ានេះគឺចង់បាន២ចំណុច ៖ ទី១-ខាងរោងចក្រត្រូវបេីកប្រាក់បំណាច់ឆ្នាំ ទី២-ត្រូវបេីកប្រាក់៥ភាគរយ ។ ពួកគាត់បានបន្ថែមថា (ពួកខ្ញុំមិនចង់បិទផ្លូវឬធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វេីដំណេីរនោះទេ ក៏ប៉ុន្តែដោយសារថៅកែឬតំណាងរោងចក្រសន្យាជាមួយពួកគាត់មិនច្បាស់លាស់ ម្ដងថាថ្ងៃនេះ ម្ដងថាខែនោះ ធ្វេីឲ្យពួកគាត់ពិបាកទទួលយកបាន )។
ក្នុងហេតុការណ៍នៃការផ្ទុះការតវ៉ាខាងលេីនេះ ក៏មានវត្តមានលោកអភិបាលរងរាជធានីភ្នំពេញ លោកស្រីអភិបាលខណ្ឌដង្កោ លោកអធិការខណ្ឌដង្កោ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រេីននាក់ទៀតទៅសម្របសម្រួលផងដែរ ។
ក្នុងការសម្របសម្រួលរវាងអាជ្ញាធរពាក់ព័ន្ធនឹងថៅកែរោងចក្រ ឬតំណាងរោងចក្រខាងលេីគឺនៅមិនទាន់ឲ្យបងប្អូនកម្មករកម្មការិនីទទួលយកបាននោះទេនៅរសៀលថ្ងៃដដែល។ ជាមួយគ្នានោះក៏មានការប្រេីអំពេីហិង្សា(គប់ដុំថ្ម និងដបទឹកសុទ្ធ)បន្តិចបន្តួចផងដែរ ៕ ដោយ៖ ភារ៉ា ដង្កោ