ភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយចុកចាប់ទ្រាំលែងបានក៏ត្រូវប្រពន្ធនិងក្រុមគ្រួសារដឹកយកទៅផ្ទះពេទ្យឯកជនមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវQMI ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដេីម្បីពិនិត្យពិគ្រោះព្យាបាល ដោយប្រើប្រាស់ថ្នាំដាក់សេរ៉ូម តាមរោគវិភាគ ដែលគ្រូពេទ្យបានពិនិត្យមើលរួច។ គ្រាដែលដាក់សេរ៉ូមមិនទាន់អស់ផង ហើយគ្រូពេទ្យក៏កំពុងតាមដានជំងឺបន្តទៀតនោះ សាមីខ្លួនដឹងថាបាន ស្រួលខ្លួនហើយក៏សុំគ្រូពេទ្យចេញទៅផ្ទះ ដោយមានការស្រុះស្រួលពីក្រុមគ្រួសារផងដែរ ទោះជាគ្រូពេទ្យឲ្យយោបល់ថាសុំឱ្យរង់ចាំអស់ថ្នាំអស់សេរ៉ូមសិនក្តី ក៏ខាងអ្នកជំងឺនៅតែទទូចសុំទៅផ្ទះដែរ ក្នុងអំណះអំណាងថាបានធូរស្រាលហើយ រួចក៏នាំគ្នាគិតលុយចាកចេញទៅផ្ទះបាត់ទៅ។
លុះពេលទៅដល់ផ្ទះបានត្រឹមតែ៣០នាទីប៉ុណ្ណោះ បែរជាជំងឺរើធ្វើទុក្ខចុកទ្រាំលែងបាន ទើបក្រុមគ្រួសារនាំគ្នាដឹកវិលមកផ្ទះពេទ្យវិញ គាប់ជួនគ្រូពេទ្យមិននៅរវល់ចេញទៅស្រុកកំណើត ក្រុមគ្រួសារបានដឹកដើររកពេទ្យព្យាបាល ដោយចូលផ្ទះមួយគេមិនហ៊ានទទួល ចូលផ្ទះមួយទៀត ក៏គេមិនហ៊ានទទួល ក៏នាំគ្នាដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សីុ ។
ប្រភពព័ត៌មានបានប្រាប់ថា ខណៈដឹកយកទៅដល់មន្ទីរពេទ្យរុស្ស៊ីក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ទើបនាំគ្នាឆោឡោ កើតទុក្ខមិនសុខចិត្តនាំគ្នាទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ឱ្យជួយធ្វើអន្តរាគមន៍។
ភាគីអ្នកជំងឺដែលស្លាប់មានឈ្មោះអឿន អុីភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងតុទូ មានប្រពន្ធឈ្មោះខុម ស្រុីម អាយុ២៩ឆ្នាំ មានកូនស្រីម្នាក់អាយុទើបជាង១ខួប ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិខ្ចារ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ អ្នកជំងឺបានស្លាប់ពេលក្រុមគ្រួសារដឹកតាមម៉ូតូកង់បីទៅមន្ទីរពេទ្យរុស្សី ។
តាមសម្តីស្ត្រីជាប្រពន្ធសពបានឲ្យដឹងថា ប្តីរបស់គាត់កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កើតមានអាការចុកទ្រាំលែងបាន ក៏នាំគ្នាឌុបជូនទៅផ្ទះពេទ្យមួយកន្លែងស្ថិតនៅតាមផ្លូវបេតុងQMI ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ហើយគ្រូពេទ្យបានពិនិត្យវិភាគរោគវិច័្ឆយ មានទាំងចេញឯកសារវិភាគជំងឺប្រាប់ថាជាជំងឺក្រពះ ហើយគ្រូពេទ្យបានចាក់ថ្នាំដាក់សេរ៉ូម រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល តែគ្រូពេទ្យប្រាប់ឲ្យអ្នកជំងឺនៅដេកដាក់សេរ៉ូមឲ្យអស់សិនទៅ ងាយស្រួលគាត់តាមដានជំងឺបន្ត ក៏ប៉ុន្តែ សាមីខ្លួនអ្នកជំងឺផ្ទាល់រួមទាំងក្រុមគ្រួសារឃើញថាបាត់ចុកចាប់ធូរស្រាលហើយក៏សុំគិតលុយចេញយកជនរងគ្រោះទៅផ្ទះវិញ ពេលនោះគ្រូពេទ្យមិនអនុញ្ញាតឲ្យជនរងគ្រោះទៅទេដោយលេីកពីមូលហេតុគ្រប់បែបយ៉ាង តែក្រុមគ្រួសារជនរងគ្រោះមិនព្រមទេីបគ្រូពេទ្យសម្រេចចិត្តគិតលុយសរុបអស់២៧៦.០០០រៀល ដេីម្បីឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។
ប្រភពដដែលបន្តថា បន្ទាប់មកបានត្រឹមតែ៣០នាទី ស្រាប់តែអាការជំងឺរើធ្វើទុក្ខចុកទ្រាំលែងបាន លេបថ្នាំដែលពេទ្យឲ្យ១គ្រាប់នៅតែមិនបាត់ចុក ទ្រាំលែងបាន ក្រុមគ្រួសារក៏ដឹកនាំវិលទៅផ្ទះពេទ្យវិញ តែគាប់ជួនគ្រូពេទ្យជាប់រវល់ចាកចេញទៅខេត្តកំពតបាត់មិនបានជួប ក៏នាំគ្នាដឹកជនរងគ្រោះតាមម៉ូតូកង់បីទៅផ្ទះពេទ្យផ្សេងទៀតតែគេមិនហ៊ានទទួល ទៅផ្ទះពេទ្យមួយទៀតក៏គេមិនហ៊ានទទួល ក៏នាំគ្នានាំអ្នកជំងឺទៅមន្ទីរពេទ្យរុស្សី គ្រូពេទ្យពិនិត្យហើយបញ្ជាក់ថា អ្នកជំងឺបានស្លាប់ហើយ ទើបនាំគ្នាឆោឡោកើតទុក្ខមិនសុខចិត្ត ផ្ញើសពនៅមន្ទីរពេទ្យ ត្រឡប់វិលទៅប្តឹងនៅនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឲ្យជួយស្រាវស្រាវ ដោយដាក់ការសង្ស័យ គ្រូពេទ្យដាក់សេរ៉ូម ដាក់ថ្នាំលើសកម្រិត។
ករណីខាងលើ មកដល់ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យសពដែលតម្កល់ទុកនៅមន្ទីរពេទ្យរុស្សី និងទៅសាកសួរដល់ផ្ទះពេទ្យនៅភូមិជម្ពូវ័ន២ ដើម្បីស្វែងរកការណ៍ពិត ។ បើតាមសម្តីលោកវេជ្ជបណ្ឌិត ឈ្មោះ ជា ប្រាំង ជាម្ចាស់ទីតាំង ហើយក៏ជាអ្នកព្យាបាលអ្នកជំងឺបានប្រាប់ឲ្យដឹងតាមរយៈទូរស័ព្ទថា អ្នកជំងឺពិតជាចូលពិនិត្យ ពិគ្រោះព្យាបាលជំងឺនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នៅផ្ទះគាត់មែន ដោយពិនិត្យចេញឯកសាររោគវិនិច្ឆ័យជំងឺក្រពះ រួចគាត់ព្យាបាលទៅតាមរោគវិភាគរោគសញ្ញាអស់រយៈពេល២ម៉ោង។
លុះមកដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល អ្នកជំងឺមិនទាន់ទាំងអស់សេរ៉ូមផង ដឹងខ្លួនថាបាត់ចុកចាប់ ធូរស្រាលហើយ ក៏សុំគាត់ចេញទៅផ្ទះ ទោះជាឃាត់ឲ្យរង់ចាំសេរ៉ូមអស់សិន ងាយស្រួលតាមដានជំងឺបន្ត តែខាងអ្នកជំងឺនៅតែសុំវិលទៅផ្ទះ ក្នុងអំណះអំណាងថាបាត់ចុកហើយ គិតលុយអស់ជាង២០ម៉ឺនរៀល ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា ក្រោយពីឲ្យយោបល់មិនតាម អ្នកជំងឺបានចាកចេញទៅបាត់។ ដោយគាត់ជាប់រវល់ មានធុរៈ ក៏ចាកចេញទៅខេត្តកំពតបាត់ទៅ ស្រាប់តែមកដល់ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ច ភាគីក្រុមគ្រួសារ អ្នកជំងឺបានទូរស័ព្ទប្រាប់ថា បានស្លាប់នៅមន្ទីរពេទ្យរុស្សីទៅវិញ ។
ក្រោយកើតហេតុគ្រូពេទ្យតុលាការបានធ្វើការពិនិត្យដឹងថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ព្រោះពេលជនរងគ្រោះទៅដល់ផ្ទះបានលួចបើកសេរ៉ូមឲ្យស្រក់លឿន ។ ពាក់ព័ន្ធនឹងករណីនេះខាងគ្រូពេទ្យដែលព្យាបាលខាងលើនេះបានជួយចូលបុណ្យចំនួន ២០០០ដុល្លារបញ្ចប់រឿង ៕ដោយ៖សុខាសែនជ័យ