ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកបន្ទាយស្រី វ័យក្មេង លោក ឃឹម ហ្វីណង់ សប្បាយចិត្តណាស់ បានស្ថាបនាផ្លូវគ្រួសក្រហម១ខ្សែទៀត ប្រវែង ៧គីឡូម៉ែត្រជូនអ្នកភូមិ

ចែករំលែក៖

ខេត្តសៀមរាប៖ មើលចុះ ! ទឹកចិត្តនៃការគោរពស្រឡាញ់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនាមជាថ្នាក់ដឹកនាំស្រុកមួយរូប អភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេង គឺលោក ឃឹម ហ្វីណង់ បានបង្ហាញពីការរីករាយឥតឧបមា ចំពោះសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃជូនអ្នកភូមិ គឺ ផ្លូវក្រាលគ្រួសក្រហម ប្រវែងជាង ៧គីឡូម៉ែត្រមួយខ្សែទៀត ត្រូវបានដាក់ឱ្យប្រាស់ប្រាស់ជាផ្លូវការជូនអ្នកភូមិអូរប៉ោង និងភូមិកំព្រហ្ម ដើម្បីតភ្ជាប់ជាយុទ្ធសាស្ត្រតំបន់ដាច់ស្រយាលដែលមានអតីតយុទ្ធជនរស់នៅមួយនេះ ទៅកាន់ទីប្រជុំជនរបស់ស្រុកបន្ទាយស្រី។

នៅព្រលប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានថ្លែងយ៉ាងដូច្នេះថា ដោយហេតុតែកង្វះខាតការតភ្ជាប់ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ បងប្អូនប្រជាពលរដ្ឋ និងនិវត្តជនក្នុងតំបន់នេះ តែងជួបការលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល មានជីវភាពខ្សត់ខ្សោយ ពិបាកក្នុងការទទួលសេវារដ្ឋបាល សេវាសុខាភិបាល ក៏ដូចជាការបញ្ជូនកូនចៅទៅមកសាលារៀន ដោយត្រូវផ្ញើរខ្លួនទៅនឹងឃុំដទៃ និងប្រើប្រាស់ផ្លូវវាងដែលមានចម្ងាយឆ្ងាយ។

លោកបានបន្តថា ផ្លូវថ្មីទទឹង៦ម៉ែត្រ ដែលប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកក្នុងឆ្នាំ២០២០នេះ នឹងធ្វើឱ្យចំណេញដល់ការធ្វើដំណើរបានជាង១០គីឡូម៉ែត្រ ហើយក៏នឹងជម្រុញចរន្តសេដ្ឋកិច្ចឱ្យមានភាពរលូនជាងមុនផងដែរ ជាពិសេសសម្រាប់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

អភិបាលស្រុកវ័យក្មេងៗ មិនដែលឃ្លាតឆ្ងាយមនោសញ្ចេតនាពីបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាបនោះឡើយ។ លោកឆក់បេះដូងប្រជាពលរដ្ឋបានហើយ តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់របស់លោក ៕ 

ដោយ៖ សុខ ខេមរា


ចែករំលែក៖