ខេត្តមណ្ឌលគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូគេពីស្រុកកោះញែកគេចមកសំងំលាក់ខ្លួននៅក្នុងសែនមនោរម្យបាន៤ថ្ងៃ។
ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៩៖៣៤នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ផល ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៦តាំងពីវេលាម៉ោង៥៖៤០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នៅចំណុចផ្ទះឈ្មោះ អន ស្រីល័ក្ខ ភេទស្រី ជា (ម្ចាស់ម៉ូតូ) ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងនគរបាលស្រុកកោះញែកបានចេញធ្វើអន្តរាគមន៍ដោយដេញតាមពីក្រោយសហការជាមួយកម្លាំងនគរបាលក្រុងសែនមនោរម្យ និងកម្លាំងស្រុកពេជ្រាដារួមទាំងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តផងនោះចាំស្ទាក់ចាប់ ទើបជនសង្ស័យ ផ្តួលម៉ូតូរត់គេចខ្លួនចូលព្រៃភ្លាមៗដែរ ។
លុះ៤ថ្ងៃក្រោយមកទើបកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបាន នៅភូមិដើមស្រល់សង្កាត់មនោរម្យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីវ័ន្ត