ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង​ស្ថិតនៅបាតតារាងជាប្រទេសដែលមានពលរដ្ឋខ្វះអាហារូបត្ថម្ភច្រើនបំផុត

ចែករំលែក៖

កូរ៉េខាងជើងជាប្រទេសដែលមានចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភច្រើនបំផុតក្នុងទ្វីបអាស៊ី​។
តាមលទ្ធផលស្រាវជ្រាវរបស់អង្គការស្បៀងអាហារនិងកសិកម្ម​របស់អង្គការសហប្រជាជាតិ​​ FAO ​និងកម្មវិធីស្បៀងអាហារពិភពលោក ​WFP​ បានប្រកាសឲ្យដឹងថា មានពលរដ្ឋដល់ទៅ​៤៥% រស់នៅទឹកដីកូរ៉េខាងជើងខ្វះអាហារូបត្ថម្ភ​​ក្នុងដំណាក់កាលឆ្នាំ​២០១៧-២០១៩។
ចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភនៅកូរ៉េខាងជើងខ្ពស់បំផុត​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ​។ ក្រៅពីនេះគឺប្រទេសទីម័រ​ខាងកើត និងអាហ្វហ្គានីស្ថាន មានចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភ​ចំនួន​៣០ភាគរយ។
តាមរបាយការណ៍ ​មានកុមារកូរ៉េខាងជើងដល់ទៅ២៨,៦ភាគរយ​ មានអាយុចាប់ពី​៦-២៣ខែ មានមានកម្រិតអាហារូបត្ថម្ភ​អាចទទួលយកបាន​។ ​ក្នុងចំណោមកុមារកូរ៉េខាងជើង១០នាក់ មាន​៧នាក់ មានកម្រិតអាហារប្រចាំថ្ងៃមិនគ្រប់គ្រាន់ ។
កូរ៉េខាងជើង ជាប្រទេសខ្វះស្បៀងអាហារ​ច្រើនជាងគេ​ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក​ ដោយសារតែការដាក់ទណ្ឌកម្ម​ពីប្រទេសលោកខាងលិចជុំវិញកម្មវិធីបរមាណូរបស់ប្រទេសនេះ​ ។ ជាមួយគ្នានេះគ្រោះធម្មជាតិ​បានរួមចំណែកធ្វើឲ្យស្ថានភាពកង្វះស្បៀងអាហារកាន់តែធ្ងន់ធ្ងរ ។
លើសពីនេះទៅទៀត ការឆ្លងរាលដាលកូវីដ​-១៩ធ្វើឲ្យកូរ៉េខាងជើងកាន់តែវេទនា ​ដោយមិនអាចនាំចូលឧបករណ៍ ​វត្ថុធាតុដើមសម្រាប់វិស័យកសិកម្ម ដើម្បីចិញ្ចឹមពលរដ្ឋ​២៥លាននាក់​។
តាមរបាយការណ៍ស្រាវជ្រាវ​​ក្នុងឆ្នាំ​២០២០ទិន្នផលកសិកម្មសរុបរបស់កូរ៉េខាងជើងមានតែ​៤,៤ភាគរយប៉ុណ្ណោះ គឺថយចុះ​៥,២ភាគរយ​ បើប្រៀបធៀបនឹងឆ្នាំ​២០១៩ ៕ ដោយ៖ធី រីណា

រូបភាព៖TASS/Yonhap


ចែករំលែក៖