ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីប្រជានេសាទធ្វើដំណើរតាមផ្លូវទឹកពីឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឆ្ពោះទៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ឧបករណ៍ចាប់ត្រីប្រភេទ(របាំងសាច់អួន)កើតមានច្រើនស្អេកស្កះហួសពីការស្មាន អាចជាប់ពាក់ព័ន្ធនឹងមន្រ្តីពុករលួយជាប្រព័ន្ធ ទើបបានជាក្រុមជនប្រព្រឹត្តហ៊ានអនុវត្តឡើងដោយគ្មានញញើតច្បាប់ស្ដីពីជលផល ។
ប្រភពដដែលលើកឡើងស្រឌៀងៗគ្នាបន្តថា ឧបករណ៍ចាប់ត្រីរួមផ្សំ(របាំងសាច់អួនក្រឡាល្អិត)ដូចក្នុងរូបភាពនេះ កើតមានច្រើននៅចំណុចខាងកើតឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពិសេសតំបន់(ក.ដប)ដូចជានៅចំណុចព្រែកកំពង់ស្ទឹង ព្រែកកំពង់ថ្គោល ប្រឡាយតាពិច ប្រឡាយស្ដេចក្មេង ប្រឡាយរាំងតាយូ ប្រឡាយកោះពី និងផ្លូវកប៉ាល់ជាដើម ស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឧបករណ៍ចាប់ត្រីប្រភេទនេះមានរាប់ពាន់ខ្សែ ហើយក្នុង១ខ្សែៗមានប្រវែងរាប់ពាន់ម៉ែត្រ ឯក្រុមជនប្រព្រឹត្តបង្កើតឧបករណ៍ចាប់ត្រីប្រភេទកែច្នៃ(របាំង)នេះ គេសហការគ្នាជាក្រុមៗដើម្បីងាយស្រួលទំនាក់ទំនងជនប្រព្រឹត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រហូតក្លាយជាទម្លាប់ជនប្រព្រឹត្តមិនញញើតមន្រ្តីអនុវត្តច្បាប់ឬស្ថាប័នពាក់ព័ន្ធ ស្ថាប័នមានសមត្ថកិច្ចខ្លះធ្លាប់ត្រូវបានក្រុមជនប្រព្រឹត្តខាងលើ ឡោមព័ទ្ធរហូតក្លាយជាកើតអំពើហិង្សាក៏មាន ព្រោះតែក្រុមជនព្រឹត្តទាំងនោះមានខ្នងបង្អែករឹងមាំ ជាពិសេសយកលុយពីពួកគាត់ច្រើនៗដែរ ។ក្រុមជនប្រព្រឹត្តប្រើប្រាស់ឧបករណ៍ប្រភេទនេះ ត្រូវបានគេស្គាល់ច្បាស់របស់ឈ្មោះ អាត នៅចំណុច(ចាប់)បញ្ហានេះហើយដែលមន្រ្តីជំនាញមិនហ៊ានអនុវត្តលើជនប្រព្រឹត្តបទល្មើស កុំនិយាយថារកមុខច្បាស់មិនឃើញ ឧបករណ៍ប្រភេទនេះប្រៀបធៀបដូចច្បាស់ចឹងនោះដែរ កើតមានរហូតគ្មានរដូវបិទឬបើកនេសាទនោះឡើយ ។
ប្រភពបញ្ជាក់អះអាងទៀតថា កន្លងមកគេសង្កេតឃើញស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបនោះបង្រ្កាប រួមទាំងកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងខេត្ត ក្រុមការងារមន្ទីរជំនាញ នាយកដ្ឋាន ចុះនោះចុះ ការពិតចុះមកអនុវត្តបន្តិចបន្តួចទៅវិញបាត់ ទុកឲ្យមន្រ្តីថ្នាក់ក្រោមរបស់ខ្លួនប្រមូលលុយយកយ៉ាងស្រួលធ្វើឲ្យ បទល្មើសកើតឡើងទ្រង់ទ្រាយធំទៅៗ។ បញ្ហានេះគួរណាស់ថ្នាក់ដឹកនាំថ្នាក់ក្រសួងពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវសាឡើងវិញផង ។
ពាក់ព័ន្ធករណីកើតមានឧបការណ៍ចាប់ត្រី(របាំង)ច្រើនស្អេកស្កះខាងលើ គេពុំអាចសុំការពន្យល់ណាមួយបានទេ ខណៈទូរស័ព្ទ និងប្រព័ន្ធអេឡិចត្រូនិកចូលលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ គ្មានអ្នកទទួល ៕ ដោយ÷បុឹម ពិន