ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌចំការមនអំពាវនាវឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវខ្លាចប៉ះពាល់ដល់សុខភាព

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន អំពាវនាវអោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌ និងក្នុងរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំចោលសំរាមពាសវាល ពាសកាល ដែលនាំអោយប៉ះពាល់ដល់បរិស្ថានអនាម័យ ប៉ះពាល់សុខភាព ការរស់នៅ ជាពិសេសនៅរដូវវស្សាធ្វើអោយសំរាមទាំងនោះចូលស្ទះលូផងដែរ។

 លោក ថេង សុថុល អភិបាលខណ្ឌនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ ខណៈនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅក្នុងសង្កាត់ទួលទំពូង១ នាព្រឹកថ្ងៃទី២២ មករា ឆ្នាំ២០២១នៅក្នុងបរិវេណវត្តទួលទំពូង។

  លោកអភិបាលខណ្ឌបានបន្ថែមអោយដឹងថាបញ្ហាសុខភាពគឺជារឿងសំខាន់ដែលត្រូវគិតមុនគេ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ត្រូវធ្វើអនាម័យក្នុងភូមិដ្ឋានរស់នៅ ចូលរួមអនុវត្តទាំងអស់គ្នា ទាំងការវេចខ្ចប់ទុកដាក់សំរាម និងកំណត់ពេលវេលាដែលរថយន្តមកប្រមូលសំរាមចៀសវាងយកសំរាមមកដាក់ចោលនៅតាមចិញ្ចើមផ្លូវ។

  ដោយសង្កេតឃើញថា មកដល់ពេលនេះ ជារដូវរំហើយ លោកអភិបាលខណ្ឌចំការមន បានអំពាវនាវអោយប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះ ត្រូវពិនិត្យមើលនៅភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី មុនពេលចាកចេញពីផ្ទះត្រូវពិនិត្យមើលអោយបានត្រឹមត្រូវចៀសវាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម ។

 ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជាខណ្ឌចំការមនដែលបានចែកជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន ១បាវ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, សាប៊ូ, ម៉ាស់, មី, ក្រមា រួមនឹងថវិកាចំនួន ២០,០០០រៀលផងដែរ៕ដោយ៖ជី ណា


ចែករំលែក៖