ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០៤នាក់រួមទាំងវត្ថុតាងនិងសម្ភារ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង សហការបង្រ្កាបករណីជួញដូរ និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដកហូតវត្ថុតាង និងសម្ភារ ដើម្បីនាំយកទៅបន្តនីតិវិធី ។ ករណីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនខាងលើ ធ្វើឡើងនាកណ្ដាលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ យី ឆើត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
កម្លាំងចុះអនុវត្តផ្ទាល់បានឲ្យដឹងថា លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀនចំនួន០៤នាក់ និងការឆែកឆេរ រកឃើញវត្ថុតាង និងសម្ភារត្រូវដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូចៗ ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២កំប្លេ កាំភ្លើងស្នប់ចំនួន២ដើម និងម៉ូតូចាស់ៗចំនួន៤គ្រឿង បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារពាក់ព័ន្ធទាំងអស់ បញ្ជូនទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖