ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសលក្ខណៈបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលអ្នកជំងឺបន្ត

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរនិងក្រសួងសុខាភិបាល គួររឹតបន្តឹង ទៅលើមន្ទីពហុព្យាបាលអ្នកជំងឺខ្លះ ដែលខ្វះលក្ខណៈបច្ចេកទេស ឬក្រុមគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ត្រឹមត្រូវ ។ អាចនិយាយបានថា,” មិនត្រូវឲ្យអ្នកជំងឺរងគ្រោះថ្នាក់ នោះជាបទពិសោធន៍របស់ពេទ្យឡើយ”។

ថ្មីៗនេះមានអ្នកជំងឺនិងអាណាព្យាបាល បានដាក់ពាក្យបណ្តឹង ពីម្ចាស់មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដែលបានធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសលក្ខណៈបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលអ្នកជំងឺបន្ត។ 

នៅក្នុងពាក្យបណ្តឹង ដាក់ចូលមក លោកអធិការនគរបាលខណ្ឌដង្កោ ស្ត្រីឈ្មោះ ស៊ឹម សម្បត្តិ ភេទស្រី អាយុ៥០ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ និងកូនប្រុសឈ្មោះ អុី បញ្ញា ភេទប្រុស អាយុ២២ ឆ្នាំ ដែលជាអ្នកសារព័ត៌មានផងនោះ។ កម្មវត្ថុ សុំប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយប៉ែល ទាំងអស់គ្នា ដែលមានទីតាំងផ្ទះលេខ០៩ -១០AEO,E1,E2 ស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងលើឈ្មោះ អុី បញ្ញា ខុសលក្ខណៈបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ។

ក្នុងនោះថែមទាំង យោង:

-រូបថតអ្នកជំងឺនៅក្នុង មន្ទីរពហុព្យាបាល ម៉ាយហែល ។

-លិខិតចេញពីពេទ្យរបស់មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ តបតាមកម្មវត្ថុ និងយោងខាងលើនាងខ្ញុំពីរនាក់ម្តាយកូនសូមជម្រាបជូន លោកអធិការ មេត្តាជ្រាបថា៖ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពហុព្យាបាលម៉ាយហ៊ែល បាននាំគ្នាសម្រេចធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងឲ្យឈ្មោះ អុី បញ្ញា ។ ក្រោយលទ្ធផលវះកាត់ បានចំនួន៣ថ្ងៃស្ថានភាពជំងឺរបស់ឈ្មោះ អុី បញ្ញា មានលក្ខណៈធ្ងន់ធ្ងរខ្លាំងដូចជាហើមពោះពិបាក ដកដង្ហើម ហើយពេលក្រុមគ្រួសារអ្នកថែទាំជំងឺព្យាយាមទំនាក់ទំនងហៅគ្រូពេទ្យដែលវះកាត់នោះមក ពិគ្រោះ ឬតាមដានជំងឺម្តងៗ គឺគ្មានគ្រូពេទ្យទទួលខុសត្រូវច្បាស់លាស់ឡើយ ។ ដោយសារបញ្ហានេះ និងដោយសារអ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យក្រុមគ្រួសារនាងខ្ញុំនិង កូនក្មួយអស់ជំនឿលើ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ទើបនាងខ្ញុំនិងកូនសម្រេចចិត្តសុំចេញពី មន្ទីរពហុព្យាបាល ម៉ាយហ៊ែល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមកព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតវិញម្តង ។ រហូតមកដល់ពេលនេះស្ថានភាពជំងឺគឺមានអាការៈមិនធូរស្រាលឡើយ ហើយក្រុមគ្រូពេទ្យជំនាញៗនៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានបង្ហើបប្រាប់ថាអ្នកជំងឺមានលក្ខណៈធ្ងន់ធ្ងរណាស់បណ្តាលមកពីការព្យាបាលរបស់ក្រុមគ្រូពេទ្យវះកាត់នៅខាងក្រៅ មន្ទីរពេទ្យរដ្ឋព្យាបាលខុសបច្ចេកទេស និងវិជ្ជាជីវៈ ។

មុនពេលវះកាត់ នាងខ្ញុំសូមជម្រាបជូន លោកអធិការ មេត្តាជ្រាបបន្ថែមថា ឈ្មោះ អុី បញ្ញា គឺមានអាការៈនឹងនរធម្មតាគ្រាន់តែចុកពោះតិចតួចអាចបើកឡានខ្លួនឯង តាំងពីស្រុក រហូតមកដល់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដើម្បីពិគ្រោះជាមួយគ្រូពេទ្យអំពីមូលហេតុនៃការចុកពោះ ។ ពេលនោះក្រុមគ្រូពេទ្យបាននិយាយបំភ័យថាឈ្មោះ អុី បញ្ញា មានបញ្ហាពោះវៀនដុះខ្នែងត្រូវការវៈ កាត់ជាបន្ទាន់ ហើយគ្រូពេទ្យសន្យាថាក្រោយវះកាត់តែរយៈពេលពីរថ្ងៃគឺអ្នកជំងឺជាហើយ បើមិនវះកាត់ទេអាចមានបញ្ហាដល់អាយុជីវិត ។ ហើយតម្លៃឈ្នួលនៃការវះកាត់របស់គ្រូពេទ្យគឺចំនួន៦០០$ (ប្រាំមួយរយដុល្លារអាមេរិក) ប៉ុន្តែពេលដែលនាងខ្ញុំសុំយកកូនចេញពីពេទ្យគឺគ្រូពេទ្យគិតលុយសរុប ពីនាងខ្ញុំទាំងអស់ចំនួន១០០០$ (មួយពាន់ដុល្លារអាមេរិក) ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអធិការនគរបាលខណ្ឌដង្កោ ជួយរកយុត្តិធម៌ជូនកូននាងខ្ញុំ ហើយចាត់ការលើម្ចាស់មន្ទីរពហុព្យាបាល ម៉ាយហ៊ែល តាមច្បាប់ដោយ ក្ដីអនុគ្រោះ។

សូមបញ្ជាក់ថា ករណីបែបនេះ ក៏ដូចជាការព្យាបាលជំងឺទូទៅផ្សេង តាមមន្ទីរព្យាបាលខ្លះ អនុវត្តខុសវិជ្ជាជីវៈ ខុសបច្ចេកទេស បណ្ដាលឱ្យអ្នកជម្ងឺរងគ្រោះរហូតដល់ស្លាប់ក៏មាន ប៉ុន្តែរាល់បណ្ដឹង របស់ក្រុមគ្រួសារជនរងគ្រោះ តែងត្រូវបានបញ្ចប់ត្រឹមការសម្របសម្រួល សំណងរដ្ឋប្បវេណី។ មិនមានការបិទអាជ្ញាប័ណ្ណ ឬផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ទើបរឿងដដែលបន្តកើតមាន។ 

ពាក់ព័ន្ធករណីនេះ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ អង្គភាព” នគរដ្រេហ្គននិងកាសែតនគរវត្ត “មិនអាចទាក់ទងសុំការបំភ្លឺបានទេ ថាតើមានចំណាត់ការដល់ណាហើយនោះ ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល។ ដោយឡែកលោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏មិនអាចធ្វើការទំនាក់ទំនងបានដែរ។ ប៉ុន្តែលោក ដាំ ផល អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ទទួលបន្ទុកដំណោះស្រាយរឿងបញ្ហាក្រុមគ្រូពេទ្យធ្វើខុសវិជ្ជាជីវៈ បានប្រាប់អង្គភាព នគរដ្រេហ្គននិងកាសែតនគរវត្ត ឲ្យដឹងតាមទូរស័ព្ទថា “ខ្ញុំមិនទាន់បានទទួលដំណឹងរឿងនេះនៅឡើយទេ ប៉ុន្តែបើខាងជនរងគ្រោះប្តឹងទៅសមត្ថកិច្ច អាចមន្ត្រីនគរបាលយុត្តិធម៌ចាត់ការក្នុងរឿងនេះ ឬសហការជាមួយនឹង ខាងជំនាញសុខាភិបាល”។

លោកអនុប្រធានមន្ទីរបន្តថា”ចាំមើលខ្ញុំសួរនាំក្នុងរឿងនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យជនរងគ្រោះ ប្រសិនបើដូចលើកឡើងតាមពាក្យបណ្ដឹងមែននោះ”៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖