ព័ត៌មានទាន់ហេតុការណ៍៖

បងប្រុសបង្កើតមានជម្លោះជាមួយប្អូនប្រើហិង្សាយកពូថៅកាប់ក្បាលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជាបងប្រុសបង្កើតមានជម្លោះពាក្យសម្តីជាមួយប្អូនបានប្រើហិង្សាយកពូថៅកាប់ក្បាលប្អូនយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់រួចហើយជនដៃដល់បានរត់គេចខ្លួនបាត់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០២១ នៅចំណុចវាលស្រែស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស  ក្រុងបាវិត  ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនរងគ្រោះជាប្អូនមានឈ្មោះ ម៉ៅ សាវ៉េត អាយុ​៣០ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិកំពោតប្រស់  សង្កាត់ច្រកម្ទេស  ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសត្រូវចំក្បាលខាងឆ្វេងដេរ៧ថ្នេរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត។

ចំណែកជនសង្ស័យមានឈ្មោះម៉ៅ សាវី  អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាដ មានលំនៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីបង្ករបួសស្នាមឱ្យប្អូនហើយបានរត់គេចខ្លួនបាត់ភ្លាមៗ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងបាវិតកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោសឱ្យខាងតែបាន៕ យឹម សុថាន


ចែករំលែក៖