ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យករថយន្តទៅជួសជុលបែរជាបើកមកបុកក្បាលនាគចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តCRVមួយគ្រឿងក្នុងគោលបំណងយករថយន្តទៅឲ្យជាងជួសជុលនៅម្ដុំស្ទឹងមានជ័យគេចពីម៉ូតូរេចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៩និង ១០ នាទីព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយផ្លូវ ១២៨ ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព  ខណ្ឌ 7មករា  រាជធានីភ្នំពេញ (ខាងក្រោយវិមានសន្តិភាព)។

ម្ចាស់រថយន្តខាងលើមានឈ្មោះ នូ វណ្ណៈ ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីម្ចាស់រថយន្តនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកCRVមួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម2A-2781ចេញពីព្រែកលាបក្នុងធ្វើដំណើរមកជួសជុលនៅម្ដុំការាសឡានម្តុំស្ទឹងមានជ័យ លុះមកដល់ចំណុចទីតាំងកើតហេតុរថយន្តរបស់គាត់ក៏បានគេចពីម៉ូតូហើយងាកមកឆ្វេងត្រូវបានជាប់ចង្កូតបុកទៅនឹងក្បាលនាគពុះចែកទ្រូងផ្លូវតែម្ដងបណ្ដាលឱ្យរងការខូចខាតរថយន្តយ៉ាងដំណំ។

 ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌ 7 មករាចុះមកទីតាំងកើតហេតុហើយបានទាក់ទងទៅខាងសមត្ថកិច្ចជំនាញខាងស្នងការនគរបាលរាជធានីភ្នំពេញមកស្ទូចយករថយន្តទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយសំណងការខូចខាតសម្បត្តិរដ្ឋនៅពេលក្រោយ ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖