ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី នៅក្នុងក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធាបនីភ្នំពេញមានករណីចោរកម្មលួចម៉ូតូមួយគ្រឿងបានកើតឡើង។
ជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាកវ៉េវ ក្រោយកើតហេតុពុំបានមកដាក់ពាក្យបណ្តឹងឡើយ។
ជនសង្ស័យឈ្មោះពេជ្រ រចនារ៉ាឌី ហៅឌី ភេទប្រុស ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន(ឃាត់ខ្លួន)។
វត្ថុតាងដកហូតបានមានម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ។
តាមលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវមានប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី មានករណីចោរលួចម៉ូតូចំនួន១គ្រឿង នៅចំណុចកើតហេតុខាងលើ ប៉ុន្តែជនរងគ្រោះពុំបានមកដាក់ពាក្យបណ្តឹងទេ។ លុះមកដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺចុលថ្ងៃទី២៦ខែមករា ឆ្នាំ២០២១ ពេលកម្លាំងសមត្ថកិច្ចល្បាតតាមផ្លូវឃើញជនសង្ស័យកំពុងបណ្តើរម៉ូតូ ដោយមានការសង្ស័យក៏បានឃាត់សួរនាំ ហើយជនសង្សយ័បានសារភាពថាម៉ូតូខាងលើរូបខ្លួនជាអ្នកធ្វើសកម្មភាពលួចមែន និងបានដោះស្លាកលេខបោះចូលក្នុងលូបាត់ហើយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់៕ ដោយ៖ជីណា