ភ្នំពេញ៖ លេចចេញដំណឹងថ្មីមួយបន្ទាប់ពីទំនាស់រវាងផលិតកម្មមហាហង្ស និងកញ្ញាឯក សេង រដ្ឋានៅមិនទាន់បញ្ចប់ ហើយកម្មវិធីប្រកួតនៅលើឆាកអន្តរជាតិកាន់តែខិតកៀកមកដល់ ។ ប៉ុន្តែដំណឹងចុងក្រោយត្រូវបានគេហទំព័រនិយាយអំពីកញ្ញាឯកមួយចំនួនដាក់ការសង្ស័យថាជាការរៀបចំលេងឆាកល្ខោនប៉ុណ្ណោះ។
គេហទំព័រឈ្មោះបវរកញ្ញាកម្ពុជា ដែលបានបញ្ចេញកាលពីថ្មីៗនេះដោយបានលើកឡើងថា ទំនាស់រវាងក្រុមហ៊ុន និងកញ្ញាឯក សេង រដ្ឋា ជាឆាកល្ខោនសម្តែងតែប៉ុណ្ណោះ។ ប្រភពថា វាគ្រាន់តែជាសេណារីយ៉ូមួយរបស់ម្ចាស់សិទ្ធិដែលបានតាក់តែងឡើងដើម្បីបំផ្ទុះព័ត៌មានឲ្យកក្រើកទាញចំណាប់អារម្មណ៍របស់មហាជនឲ្យងាកមកចាប់អារម្មណ៍លើវិស័យកញ្ញាឯកមួយនេះឲ្យក្លាយទៅជារឿងថ្មីសម្រាប់ដើមឆ្នាំ២០២១។ ប្រភពថាដំណើររឿងគឺមិនសមដល់ថ្នាក់ដកហូតដំណែង ឬលាលែងពីដំណែងឡើយខណៈដែលលំដាប់រងក៏គ្មានសិទ្ធិបដិសេធដែរ។ មានការលើកឡើងថា នាទីចុងក្រោយប្រាកដណាស់ថានឹងមានការសម្របសម្រួលមួយកើតមានឡើង ហើយសេង រដ្ឋានឹងនៅតែជាបេក្ខភាពតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅប្រទេសថៃដដែល។
ឆ្លើយតបទៅនឹងការលើកឡើងនេះដែរ លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានធ្វើការច្រានចោលដំណឹងនេះថាផលិតកម្ម និងកញ្ញាឯកមិនបានរៀបចំឆាកល្ខោនដូចការលើកឡើងរបស់គណនីហ្វេសប៊ុកខាងលើឡើយ។ លោកថា គ្រប់យ៉ាងគឺត្រូវបានធ្វើឡើងដោយគោរពទៅតាមកិច្ចសន្យា ហើយដំណោះស្រាយបែបណាបន្តគឺនឹងនៅរង់ចាំមើលបន្ត។ លោកថាការចូលខ្លួនដោះស្រាយរបស់ កញ្ញា សេង រដ្ឋា គឺជារឿងសំខាន់ ហើយប្រសិនបើការចចាគ្នារកឃើញថាភាគីណាមួយធ្វើខុសគឺអាចធ្វើការសុំទោសជាសាធារណៈបញ្ចប់រឿងគឺជាការស្រេច ប៉ុន្តែពេលនេះលិខិតអញ្ជើញធ្វើឡើង២លើករួចមកហើយប៉ុន្តែគាត់នៅតែមិនចូលខ្លួនដោះស្រាយដូចនេះមានតែការរុញទូកបណ្តោទឹកតែប៉ុណ្ណោះ ហើយសម្រាប់ការប្រកួតសម្រាប់ឆ្នាំក្រោយគឺនៅតែមានធម្មតាដដែលដែលលោកគិតថាមិនមានអ្វីដែលនាំឲ្យប៉ះពាល់នោះឡើយខណៈដែលផលិតកម្មនឹងបន្តទទួលបានសិទ្ធិផលិតកម្មវិធីនេះរយៈពេល៤ឆ្នាំជាប់ៗគ្នា។ លោកថាប្រសិនបើជ័យលាភី លេខ១មិនព្រម លេខ២មិនព្រម និងបន្តទៅកាន់លេខ ៣ រហូតដល់ផុតអស់ ហើយសម្រាប់ការង់ចាំឲ្យមានការផ្លាស់ប្តូរឈ្មោះទៅកាន់ការប្រកួតគឺត្រូវរងចាំការសម្រេច ហើយប្រាកដណាស់គ្រប់យ៉ាងគឺត្រូវរួចរាល់មុនដំណាច់ខែមករានេះ។ ទោះជាយ៉ាងណាលោកនៅតែចាត់ទុកថានេះគឺជារឿងតូចតាចដែលមិនគួរឲ្យកើតមានឡើងរហូតធំដុំឡើយ ៕
ដោយ៖វឌ្ឍនា