ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីម័រខាងកើតនៅតែជាមិត្ដដ៏ល្អជាកម្ពុជា ជាពិសេសជាដៃគូរអភិវឌ្ឍន៍លើគ្រប់វិស័យ ។ រដ្ឋបាលរាជធានីភ្នំពេញពិតជារីករាយណាស់ដែលបានរាប់អាននិងបានទំនាក់ទំនងល្អជាមួយនឹងប្រទេសទីម័រ ហើយចំពោះការស្នើឱ្យប្រតិភូរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុង នៅប្រទេសទីម័រនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំប្រតិភូដើម្បីទៅបំពេញទស្សនកិច្ចតាមការស្នើសុំរបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញនោះផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះខណៈដែលលោកទទួលជួប សម្ដែងការគួសមជាមួយលោក H.E. ERMENEGILDO ”KUPA” LOPES) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ។
លោក អឺមេណេហ្សុីលដូ គូប៉ាឡូប៉េសH.E. ERMENEGILDO”KUPA LOPES) បានមានប្រសាសន៍លើកឡើងថា មន្ត្រីការទូតរបស់ទីម័រក៏ដូចជានិស្សិតទីម័រដែលបាននិងកំពុងស្នាក់នៅធ្វើការងារនិងរៀនសូត្រនៅរាជធានីភ្នំពេញពិតជាមានការកក់ក្តៅខ្លាំងណាស់ ជាមួយនឹងសន្តិសុខយ៉ាងល្អប្រសើរ ប្រៀបបាននឹងការរស់នៅក្នុងផ្ទះរបស់ខ្លួនអ៊ីចឹងដែរ។ លោកបញ្ជាក់ថា រាជធានីភ្នំពេញ បើតាមការអង្កេតមើលរបស់លោកឃើញថា ពិតជាមានសន្តិសុខយ៉ាងល្អប្រសើរខ្លាំងមែនទែន ដោយនៅតាមដងផ្លូវនានា នៅកន្លែងក្លិបរាត្រី កន្លែងសប្បាយភាពនានា ហាក់មិនមានអ្វីគួរឲ្យរំខាននោះទេ គឺមានសន្តិសុខល្អ២៤ម៉ោងលើ២៤ម៉ោង បើប្រៀបធៀបទៅនឹងប្រទេសជឿនលឿនមួយចំនួន ពិសេសសហរដ្ឋអាមេរិក ក៏មិនទាន់ធ្វើបានដូចនៅរាជធានីភ្នំពេញដែរ។ ក្រៅពីមានសន្តិសុខល្អប្រសើរហើយ រាជធានីភ្នំពេញក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សមានបរិស្ថានល្អប្រសើរជាមួយនឹងមានទន្លេបួនមុខដ៏ស្រស់ស្អាតថែមទៀត។
លោកអឺមេណេហ្សុីលដូ គូប៉ាឡូប៉េស ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលបានដឹកនាំប្រទេសនេះ ចេញពីចំណុចសូន្យរហូតមានការអភិវឌ្ឍរីកចម្រើនមកដល់ពេលនេះ។ លោកលើកឡើងទៀតថា សម្ដេចតេជោហ៊ុនសែន ត្រូវបានព្រះប្រទានឲ្យមកគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យប្រទេសនេះមានសន្តិភាពពេញបរិបូរណ៍ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរ។
លោកក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ សម្តេចតេជោហ៊ុន សែន ដែលបានផ្ដល់ជាអំណោយ ម៉ាស់ចំនួន១លាន៥សែនម៉ាស់ជាមួយ
នឹងឧបករណ៍មួយចំនួនទៀត ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជូនប្រទេសទីម័រ ខណៈ ប្រទេសនៅក្បែរខាង ក៏ដូចប្រទេសជាសមាជិកអាស៊ានមិនបានមើលឃើញទីម័រ ។ នេះជាសន្តានចិត្តមួយដ៏ល្អបំផុតរបស់កម្ពុជាចំពោះប្រទេសទីម័រ។ បន្ថែមពីនេះទៀតប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលបានជួយជំរុញឲ្យមាន ការតស៊ូមតិរហូតប្រទេសទីម័រទទួលបានឯករាជ្យ។
លោកអឺមេណេហ្សុីលដូ គូប៉ាឡូប៉េស ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រ ដើម្បីឱ្យប្រទេសទីម័រ បានសិក្សារៀនសូត្រពីរាជធានីភ្នំពេញ ខណៈដែលរាជធានីភ្នំពេញបានគ្រប់គ្រងរាជធានីបានល្អទាំងសន្តិសុខទាំងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានរៀបរាប់ពីប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសក្នុងអំឡុងរបបប៉ុល ពតដែលបានកាប់សម្លាប់ប្រជាពលរដ្ឋនិងបំផ្លិចបំផ្លាញប្រទេសជាតិដល់ចំណុចសូន្យ ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មិនត្រឹមតែធ្វើឲ្យប្រទេសកម្ពុជារួចផុតពីសង្គ្រាម ហើយនាំមកនូវសន្តិភាពពេញបរិបូរណ៍ប៉ុណ្ណោះទេ តែបានអភិវឌ្ឍប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះថែមទៀត។
លោកបន្តថា ក្រៅពីការគ្រប់គ្រងប្រទេសមានកំណើនសេដ្ឋកិច្ចកើនឡើងហើយនោះ ការគ្រប់គ្រងនូវជំងឺកូវីដ-១៩ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ក៏បានគ្រប់គ្រងជំងឺកូវីដ-១៩នេះ បានយ៉ាងល្អប្រសើរផងដែរ ។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញពិតជារីករាយណាស់ដែលបានរាប់អាន និងបានទំនាក់ទំនងល្អជាមួយនឹងប្រទេសទីម័រ ហើយចំពោះការស្នើឱ្យប្រតិភូរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុងប្រទេសទីម័រនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំប្រតិភូដើម្បីទៅបំពេញទស្សនកិច្ច ក្រោយពេលដែលជំងឺកូវីដ-១៩បានសាបរលាបជាមួយនឹងការបានទទួលវ៉ាកក់សាំងចាក់ការពារជំងឺនេះហើយនោះ៕ដោយ៖ សំរិត