ព័ត៌មានទាន់ហេតុការណ៍៖

ពូកែខាងចូលលួច​ចំណងដៃ​ក្នុងពិធីមង្គលការ​គេ​ ចុងក្រោយជាប់គុកទាំង២

ចែករំលែក៖

ខេត្តកំពត៖ លោកវរសេនីយ៍ទោ លក ញ៉ា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពតបានបញ្ជាក់នៅរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២១ថាកម្លាំងនគរបាលបានឃាត់ខ្លួនបុរស២នាក់តាមអំណាចដីកាសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី២៥ ខែមករា ដោយបានចោទប្រកាន់ពីបទលួចចំណងដៃមង្គលការ រួចបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ លក ញ៉ា បន្តថា ជនសង្ស័យ​​ទាំង​​​​នាក់ដែលបានឃាត់ខ្លួននេះ គឺ​​ម្នាក់ឈ្មោះ នូវ ឌៀប អាយុ៤២ឆាំ្ន និងម្នាក់ទៀតឈ្មោះ ច្រេសារឿ អាយុ៤១ឆាំ្ន ពួកគេទាំង​​នាក់​​រស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច

នាយការិយាល័យព្រហ្មទណ្ឌរូបនេះ បន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង​​នាក់ខាងលើ​​នេះក៏មានការ​​សហការគ្នាជាមួយនគរបាលខេត្តកែបផងដែរ ដោយសារតែពួកគេបានមកជួលបន្ទប់ស្នាក់នៅស្រុកកំពង់ត្រាចខេត្តកំពត ជាប់ស្រុកដំណាក់ចង្អើរ ខេត្តកែប បន្ទាប់ពីបញ្ជូនខ្លួនទៅតុលាការជនសង្ស័យ​​ទាំងនេះត្រូវបានចោទប្រកាន់ពីបទលួចលុយចំណងដៃក្នុង​​ពិធីមង្គលការជាច្រើនកន្លែង ហើយ​​ទីកន្លែងចុងក្រោយគឺបាន​​​លួចលុយចំណងដៃ និងទូរស័ព្ទរបស់ប្រជាពលរដ្ឋនៅភូមិត្រពាំងប្រិ ឃុំសំរោង ស្រុកជុំគីរី ខេត្តកំពត

ចំណែកជុំវិញករណីខាងលេីនេះជនរងគ្រោះមិនបានបង្ហាញពីចំនួននៃការបាត់បង់លុយ ដែលជាប្រាក់ចំណងដៃ​​នោះ​​ទេ។ ប៉ុន្តែលោកលកញ៉ា បាននិយាយថា មុខសញ្ញា​​នេះបានដើរលួចលុយ​​ចំណងដៃ​​ក្នុងពិធីមង្គលការ​​គេជាច្រើនដង​​មកហើយ ដូចជា៖នៅស្រុកអង្គរជ័យ ក្នុងខេត្តកំពតជាដើម

បើតាមជនសង្ស័យទាំង២នាក់នេះក៏បានសារភាពពីល្បិចលួចលុយ​​ចំណងដៃថា នៅក្នុងពិធី​​មង្គលការនីមួយ​ ​ពួកគេ​​តែងតែ​​ទៅចូលរួម និង​​បានតុបតែងខ្លួនធ្វើជាភ្ញៀវខាង​​កូនប្រុសខាង​​កូនស្រីពេលនោះ​​​ម្ចាស់ដើមការទាំងសងខាងមិនបានចាប់អារម្មណ៍ថា ជាភ្ញៀវខាងណានោះទេ។ លុះពេម្ចាស់​​ដើមការដេកលង់​​លក់អស់ពួកគេមានឱកាសល្អ ក៏​​ធ្វើសកម្មភាពលួចប្រមូល​​​យកលុយចំណងដៃនេះ​​តែម្ដង

គួរជម្រាបដែរថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង​​នាក់នេះ​ ​​​កម្លាំងជំនាញបាននាំខ្លួនពួកគេមកកន្លែងអ្នកលក់ទូរស័ព្ទនៅ​​ក្នុងភូមិបឹងធំ ឃុំអង្គសុភីស្រុកកំពង់ត្រាច ព្រោះជាកន្លែង​​​ដែលជនសង្ស័យធ្លាប់យកទូរស័ព្ទមកលក់នៅទីនេះ។ ប៉ុន្តែជនសង្ស័យបានឆ្លើយមិនប្រាកដប្រជា ទើបកម្លាំងជំនាញប្រមូលបាន​​វត្ថុតាងបន្ថែមដើម្បីបន្តនីតិវិធីផងដែរ៕ដោយ៖សហការី


ចែករំលែក៖