ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតាព្រូស បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តឡិចសុីស470បុកវៀចកង់ម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តLexus LX470 ពាក់ស្លាកលេខរដ្ឋបុកបណ្ដាលឱ្យវៀចកង់ម្ខាង ចំណែករថយន្តឡិចសុីសខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១កែងនឹងផ្លូវ លេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Toyota Prius ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2BJ-1646តាមបណ្ដោយផ្លូវ លេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងឆ្លងទៅផ្លូវលេខ៤៣២ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកLexus LX 470 ពណ៌ស ពាក់ស្លាកលេខរដ្ឋ34 2-0777បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពីត្បូងទៅជើងចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងរថយន្តព្រូសផ្នែកខាងមុខបណ្ដាលឲ្យវៀចកង់ម្ខាងទៅមុខលែងរួច ចំណែករថយន្តឡិចសុីសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាងសុំធ្វើការសម្រុះសម្រួលគ្នា។បន្ទាប់មកខាងរថយន្តព្រូសបានព្រមព្រៀងយករថយន្តឡិចសុីសទៅជួសជុលឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖ផេង ភាព


ចែករំលែក៖