អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២១នេះ បានចុះផ្សាយថា ក្រុមហ៊ុន Apple នៅប្រទេសចិនបានផ្លាស់ប្ដូរច្រវ៉ាក់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និង វៀតណាមវិញ។ ចំពោះការប្ដូរនេះ គឺដើម្បីគេចចេញពីបញ្ហា និងជម្លោះតានតឹងរវាងចិន និងសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia បានបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា នឹងចាប់ផ្ដើមច្រវ៉ាក់ផលិតកម្មរបស់ខ្លួនក្នុងការផលិត iPhone 12 នៅក្នុងត្រីមាសនេះ ខណៈដែលរោងចក្រនៅក្នុងប្រទេសវៀតណាមវិញ នឹង ចាប់ផ្ដើមផលិត iPad និងHomePod mini ក្នុងពេលឆាប់ៗខាងមុខនេះ។
ទាក់ទិននឹងបញ្ហានេះដែរ ប្រភពជាច្រើន បានអះអាងថា មែនទែនទៅក្រុមហ៊ុន Apple បានបង្កើតច្រវ៉ាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ជាយូរមកហើយដោយក្នុងនោះរោងចក្រនៅវៀតណាម ទទួលផលិតឧបករណ៍ Smart Speaker ប៉ុន្តែមិនសូវមានតម្រូវការពីអតិថិជន។ប៉ុន្តែនៅពេលនេះ Apple ចាប់ផ្ដើមវាយលុកទីផ្សារផលិតផលមួយនេះ និងបានបង្រីកបន្ថែមទៅលើ ការផលិត AirPod រួមជាមួយនឹង MacBook ថែមទៀតផង។
ដោយឡែកក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ Apple បានបោះទុនវិនិយោគប្រមាណ ២៧០លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មីមួយនៅក្នុងប្រទេសវៀតណាម ដើម្បីពង្រីកច្រវ៉ាក់ផលិតកម្ម ហើយក៏ត្រូវបានគេសង្ស័យថា ការបោះទុនវិនិយោគក្នុងប្រទេសវៀតណាមនេះ ក៏អាចជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Apple ព្រោះអាមេរិកបានដាក់សម្ពាធយ៉ាងខ្លាំងមកលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងការនាំយកឧបករណ៍បច្ចេកវិទ្យាដែលផលិតនៅក្នុងប្រទេសចិន។
គួរជម្រាបថា នៅក្នុងអណត្តិរបស់លោកដូណាល់ ត្រាំ ជាប្រធានាធីបតី បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានប្ដូររោងចក្រចេញពីប្រទេសចិនដូចជា៖ Samsung ជាដើម បានបិទរោងចក្រនៅក្នុងប្រទេសចិនទាំងអស់ដោយបានទៅបង្កើតរោងចក្រថ្មីនៅវៀតណាម និងឥណ្ឌា ព្រោះតែទទួលរងសម្ពាធពីសហរដ្ឋអាមេរិក៕ដោយ៖ស តារា