ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងយកកាំបិតកាប់ដៃគូផឹកជាមួយគ្នាជាច្រើនកាំបិតរងរបួសធ្ងន់ដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ខណៈផឹកស្រាស្រវឹងពុំដឹងជាមានមូលហេតុអ្វីទេបានយកកាំបិតកាប់ទៅលើដៃគូផឹករបស់ខ្លួនដែលអង្គុយផឹកជាមួយគ្នា​ជាច្រើនកាំបិត បណ្ដាលឲ្យ​រង​របួសធ្ងន់​ រួចហើយក៏រត់គេចខ្លួនបាត់ស្រមោល។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទីនៅចំណុចរោងចាំចម្ការមួយកន្លែងស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

      មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសុខ ប៊ុនយ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(របួសធ្ងន់)។ ចំណែកជនសង្ស័យឈ្មោះសារ៉ាយ សុខរ៉េន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។ 

    ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុវេលាម៉ោង៩ព្រឹក ជនសង្ស័យ​ បានសុំប្រាក់ម្តាយរបស់ខ្លួនចំនួន៥០០, ០០០រៀលដើម្បីយកទៅទិញម៉ាសុីនបូមទឹកដាក់ដំណាំ។ លុះដល់វេលាម៉ោងប្រហែល១០ព្រឹកជនសង្ស័យនិងជនរងគ្រោះបានយកម៉ាសុីនបូមទឹកនោះមកទុកនៅផ្ទះរបស់ខ្លួន  រួចហើយជនសង្ស័យក៏បបួលជនរងគ្រោះទៅរោងចម្ការរបស់ខ្លួន និងហៅបក្ខពួកម្នាក់ផ្សេងទៀតទៅរោងចម្ការដែរ ហើយក៏នាំគ្នាទិញស្រាបៀរផឹក​ រហូតដល់វេលាម៉ោង១៨និង៣០នាទីពុំដឹងជាមានមូលហេតុអ្វីទេក៏ស្រាប់តែជនសង្ស័យបានយកកាំបិតកាប់ទៅលើជនរងគ្រោះពីខាងក្រោយជាច្រើនកាំបិតខណៈកំពុងអង្គុយផឹកបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់​។ បន្ទាប់ពីកាប់ជនរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ចំណែកជន រងគ្រោះ​ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពតាលន់។

    ករណីនេះកម្លាំងផ្នែកជំនាញ​ស្រុក​ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល​តាលន់.កំពុងកសាងសំណុំរឿងនិងស្វែងរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាង ជ័យ


ចែករំលែក៖