ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដែលមានក្រុម ក្លិប សមាគម ចូលរួមប្រកួត ចំនួន ៥៩ លើវិញ្ញាសា ចំនួន ៦ ។
លោករដ្ឋលេខាធិការបានថ្លែងថា,ក្នុងឱកាសនោះ ដើម្បីឲ្យដំណើរការប្រកួតនេះ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ ប្រកបដោយតម្លាភាព សុក្រឹតភាព និងប្រកបដោយលក្ខណៈបច្ចេកទេស ក៏បានស្នើដល់គណៈកម្មការរៀបចំ អាជ្ញាកណ្តាល គ្រូបង្វឹក និងកីឡាករ កីឡាការិនី អនុវត្តចំណុចមួយចំនួនដូចខាងក្រោម ៖
១. កូវីដ-១៩ នៅតែជាប្រធានបទក្ដៅសម្រាប់ប្រទេសលើសកលលោក។ ដូច្នេះយើងត្រូវថែរក្សាអនាម័យឲ្យបានជាប្រចាំ និងអនុវត្តទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាល។ គណៈកម្មការ គ្រូបង្វឹក អត្តពលិក ត្រូវវាស់កម្ដៅមុនត្រូវអនុញ្ញាតឲ្យចូលទីលាន។
២. ពេលប្រកួតចប់ ឬកំពុងប្រកួត យើងត្រូវសម្អាតសម្ភារៈឲ្យមានអនាម័យខ្ពស់ និងធានាថាកន្លែងប្រកួតរបស់យើងមិនឆ្លងកូវីដ-១៩ ។ ម្យ៉ាងវិញទៀត យើងត្រូវធានាថា កន្លែងហ្វឹកហាត់ អ្នកហ្វឹកហាត់ គ្រូបង្វឹក និងកន្លែងប្រកួតយើងថ្ងៃនេះ មិនមានកូវីដ-១៩ ។
៣. សូមឲ្យការប្រកួតពានរង្វាន់ថ្នាក់ជាតិនេះ ប្រកបដោយតម្លាភាព សុក្រឹតភាព និងប្រកបដោយលក្ខណៈបច្ចេកទេសពិតៗ ជាពិសេសការកាត់សេចក្ដីមិនលម្អៀងតាមរយៈខ្សែនោះឡើយ ព្រោះថាបើយកខ្សែអត់មានសមត្ថភាពទៅប្រកួតលើឆាកអន្តរជាតិ និងធ្វើមិនបានល្អ ច្បាស់ជាខ្មាស់គេហើយ។
៤. សូមប្រកួតឲ្យអស់សមត្ថភាព ហាមយោគយល់គ្នាឬប្រកួតលំៗ ទោះស្គាល់គ្នាក្ដី ព្រោះថាលទ្ធផល
ឈ្នះលំៗ ដែលដៃគូម្ខាងទៀត បន្ធូរឱ្យមិនអាចយកទៅប្រជែងលើឆាកអន្តរជាតិបានទេ។ ដូច្នេះសូមផ្ដោតអារម្មណ៍ ១០០% ទោះជួបគូប្រជែងជាមិត្តភ័ក្ដិ ឬបងប្អូនក៏ដោយ។
៥. កីឡាករ កីឡាការិនីវ័យក្មេង ក៏ត្រូវប្រឹងឲ្យខ្លាំងដូចគ្នា ឬអាចនិយាយបានថា ការប្រកួតលើកនេះ អាចកែប្រែវាសនាខ្លួនឲ្យត្រដែត ដូចវីរកីឡាការិនី កែ ឡេង , អ៊ុក ស្រីមុំ ឬ ស្រ៊ាង សូរ៉ាឃីម ក៏ថា
បាន។ ដូច្នេះ ខ្ញុំចង់សង្កត់ធ្ងន់មួយម៉ាត់ [កុំមើលស្រាលការប្រកួត និងមិនមែនកន្លែងប្រកួតលេងៗស៊ីលុយទេ]។
៦. ឱកាសអាចជាប់ជម្រើសជាតិល្បីឈ្មោះនៅថ្ងៃណាមួយក៏ថាបាន។ ការខំប្រឹងចេញពីខ្លួនយើង គឺមានតម្លៃណាស់ ហើយសូមមើលគន្លងវីរកីឡាការិនី កែ ឡេង ដែលមានជីវិតតស៊ូមកពីខេត្ត រហូតក្លាយជាវីរនារីល្បីឈ្មោះប្រចាំប្រទេសរបស់យើង និងឈ្នះជើងឯកពិភពលោក៤សម័យ រួមទាំងមេដាយកម្រិតអាស៊ីជាច្រើនទៀត។ ហើយឈ្មោះនេះឯង តកូនតចៅ មិនដឹងប៉ុន្មានជំនាន់ទៀត ព្រោះឯកសារមាននៅលើ Google អស់ហើយសម័យនេះ។
៧. ការខំប្រឹងនៅថ្ងៃនេះ ធ្វើឱ្យយើងមានឱកាសទៅថ្ងៃអនាគត ដែលអាចចូលរួមប្រកួតដូចជា ៖ ជើងឯកពិភពលោក, ជើងឯកប៊ិចហ្គេម, ជើងឯកអាស៊ី, ជើងឯកអាស៊ីអាគ្នេយ៍ (ប្រកួតប៉េតង់តែមួយប្រភេទ), ជើងឯកស៊ីហ្គេម, មេគង្គហ្គេម, និង ជើងឯកសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ជាដើម។
៨. សូមឲ្យអត្តពលិក នៅទីនេះ បន្តបង្កើតក្ដីស្រមៃខ្ពស់ មិនមែនតែថ្នាក់ជាតិ ប៉ុន្តែសូមស្រមៃដល់លំដាប់ពិភពលោក និងដាក់ឆន្ទៈទៅប្រកួតនៅលើឆាកអន្តរជាតិនានា។
៩. ទឹកចិត្តអ្នកកីឡាករ « យើងមកទីនេះ គឺដើម្បីជ័យជម្នះតែមួយគត់ ត្រលប់ទៅវិញ » និងកុំចាញ់ច្រាបគេ ។ បើយើងចាញ់ច្រាបគេ ឬយើងមិនចេះគ្រប់គ្រងអារម្មណ៍ នោះក៏ធ្វើឲ្យយើង មិនទទួលជោគជ័យដែរ។ នេះជាចំណុចដែលយើងត្រូវគិតដែរ និងត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងពេលប្រកួត៕
ដោយ៖ សិលា