ភ្នំពេញ៖ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ តែងតែជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងឧប្បត្តិហេតុ។ ជាក់ស្ដែងនាយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ ជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចំនួន២ករណី ក្នុងនោះ១ករណីជាគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង វេលាម៉ោង៨:១៥នាទីយប់ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្នុងករណីនេះ បណ្តាលឲ្យបុរស២នាក់រងរបួសស្រាល-ធ្ងន់។
ជនរងគ្រោះ ត្រូវបានក្រុមសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០សង្គ្រោះជាបឋម និងបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ។
មួយករណីទៀត នៅយប់ថ្ងៃដដែលនេះដែរនាវេលាម៉ោង ០១:០៥នាទី កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ បានជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។ ក្នុងករណីនេះបានបណ្តាលឲ្យអគ្គិភ័យឆាបឆេះឃ្លាំងខោអាវជជុះ និងបន្តឆេះផ្ទះប្រជាពលរដ្ឋដែលនៅជាប់នោះផងដែរ។ ការពន្លត់នេះ ក៏មានការសហការជាមួយនឹងអង្គភាពពន្លត់អគ្គិភ័យជាច្រើនទៀត។
យោងតាម ការស្រាវជ្រាវរបស់សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យដែលឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ សម្រាប់កម្លាំងរបស់កងពលតូចលេខ៧០ ដែលបានចុះទៅពន្លត់អគ្គិភ័យ មានចំនួន ១០នាក់ ដោយបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង រថយន្ដMazda ១គ្រឿង រថយន្តទឹកចំណុះ ៨,០០០លីត្រ និងរថយន្ដទឹកចំណុះ ១០,០០០លីត្រ ចំនួន ២គ្រឿងចល័តទៅកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ពន្លត់៕
ដោយ៖ សិលា