ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកលាងសម្អាតដៃ និងអនាម័យនៅតាមគ្រឹះស្ថានសិក្សា។ ដែលមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ក្រុមប្រឹក្សា គណៈអភិបាលស្រុកសៀមបូក លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ លោកគ្រូ អ្នកគ្រូ រួមនិងសិស្សានុសិស្សមួយចំនួនផងដែរ ពិធីនេះត្រូវបានប្រារព្វធ្វើឡើងនៅសាលាបឋមសិក្សាស្រែក្រសាំង ស្ថិតក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្នុងទិវាដ៏មានសារៈសំខាន់នេះលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ ថា ទិវាពិភពលោកលាងសម្អាតដៃ បានប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសចលនាលាងសម្អាតដៃ ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាមួយអាល់កុល ពិសេសជាមួយទឹក និងសាប៊ូឲ្យបានញឹកញាប់ និងវិធីសាស្ត្រលាងសម្អាតដៃឲ្យបានត្រឹមត្រូវ។ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធនានា ត្រូវបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវ ការបង្កា ទប់ស្កាត់ ការពារការឆ្លងមេរោគផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ជាមួយការផ្លាស់ប្ដូរឥរិយាបថក្នុងការរស់នៅ ដោយបណ្ដុះទម្លាប់ល្អ មានអនាម័យ មានសណ្ដាប់ធ្នាប់ ស្រឡាញ់ភាពស្អាត និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអនាម័យ និងសុខភាព ដូចទិសស្លោកដែលបានលើកឡើងថា “ការលាងសម្អាតដៃទាំងអស់គ្នា! លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា!” គឺជាសារដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា យ៉ាងនេះហើយត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕ដោយ៖ សិលា