ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះបំពេញការងារក្នុងទិសទី១(បន្ទាយមានជ័យ)នៅក្នុងទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ ។
អញ្ជើញអមដំណើរមានឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។
មេបញ្ជាការរងនាយសេនាធិការ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ ។
លោក ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរដល់កម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនទិសទី១(បន្ទាយមានជ័យ)ដែលបានប្រឹងប្រែងអនុវត្តបានល្អប្រសើររាល់បទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូនកន្លងមក ពិសេសបានចូលរួមយ៉ាងសកម្មសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តតាមក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ពលករឆ្លងដែនពីថៃដើម្បីទប់ស្កាត់ការរីករាលដាលនៅជំងឺកូវីដ-១៩ ចូលក្នុងទឹកដីកម្ពុជាកន្លងមកបានដោយជោគជ័យគួរជាទីមោទន ។
ក្នុងឱកាសចុះបំពេញការងារក្នុងទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ នាថ្ងៃនេះ លោកហ៊ុន ម៉ាណែត បានឧបត្ថម្ភបន្ថែមនៅអគារស្នាក់នៅសម្រាប់កងល្បាតទី៣ ចំនួន ១ខ្នង ឃ្លាំងដាក់អាវុធគ្រាប់ ១ខ្នង ថ្នាក់វរសេនាតូច រថយន្តពេទ្យចំនួន ១គ្រឿង អគារស្នាក់នៅរបស់កងល្បាតទី២ ចំនួន ១ខ្នង វិទ្យុទាក់ទងKenwoodលើតុ ចំនួន ៨គ្រឿង វិទ្យុកាន់ដៃចំនួន ២០គ្រឿង ផ្ទាំងសូឡា ៥០ផ្ទាំង អាគុយ១០ធុង ឧបត្ថម្ភថវិកាដល់ទីបញ្ជាការកងការពារ៥០៣ ចំនួន ១០លានរៀល ឧបត្ថម្ភថវិកា ដល់កងល្បាតទាំង ៧ ចំនួន ៥០លានរៀលផងដែរ ៕
ដោយ៖សូ រិយា