ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវមេតុងអាមេ ប្រវែង ៥៦៧ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលប្រើប្រាស់មូលនិធិស្រុក និងឃុំឆ្នាំ២០២០ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមរយៈលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត។
ក្រោមវត្តមាន លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពី លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សា គណៈអភិបាលស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជា្ញធរភូមិ ឃុំ និងប្រជាប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះដែរ លោកអ្នកតំណាងរាស្រ្តបានណែនាំឲ្យបងប្អូនត្រូវចិញ្ចឹមគោក្របី និងដាំដើមឈើបន្ថែមទៀតដើម្បីការពារការច្រោះបាក់ដីនិងការពារប្រភពតទឹកកុំឲ្យឆាប់រីងស្ងួត និងត្រូវចេះអនាម័យ ការពារខ្លួនពីជំងឺនានា ជាពិសេសជៀសឆ្ងាយពីជំងឺកូវីដ-១៩៕
ដោយ៖ សិលា