ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ កំពុងដឹកនាំក្រុមការងារអនុវត្តយ៉ាងសកម្មលេីខេត្តគោលដៅទាំង ១៧

ចែករំលែក៖

     ភ្នំពេញ៖ ដោយទទួលបានការចាត់តាំង ដ៏ខ្ពង់ខ្ពស់ ពី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមានការចូលរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចាន់ សុីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM ព្រមទាំងជានាយកគម្រោង សាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ បាននិងកំពុងដឹកនាំក្រុមការងារអនុវត្តយ៉ាងសកម្មលេីខេត្តគោលដៅទាំង ១៧រួមមាន ៖

១- ការងារជីកស្តារប្រឡាយជើងក្អែបដែលជាប្រឡាយនាំទឹកចូលស្រែដោយផ្ទាល់តែម្តង
២-ការងារសាងសង់សំណង់សិល្ប:ការ ចែកចាយទឹក សំណង់ស្ទាក់ទឹក តាមប្រឡាយជើងក្អែបជាច្រើនកន្លែង
៣-ការងារស្តារបឹងបួ អូរធម្មជាតិ ចំនួន២២កន្លែងក្នុងស្រុកមុខកំពូល ខេត្តកណ្តាល និងកំពុងបន្តទៅខេត្តគោលដៅ១៦ផ្សេងទៀត
៤-ការងារអន្តរាគមន៍បន្ទាន់ក្នុងការងារវិចខ្ចប់ទឹកទុក នៅតំបន់ប្រព័ន្ធធារាសាស្រ្ត៧កន្លែង ដែលរងការខូចខាតកន្លងមកដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង ដើម្បីគ្រប់គ្រងទឹកឡើងវិញ ធ្វើឲ្យខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបងមានទឹកប្រើប្រាស់គ្រប់គ្រាន់ឡេីងវិញប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថាគម្រោងនេះ គឺមានគោលបំណង ជួយផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ឃុំ ស្រុកដែលជា ប្រជាពលរដ្ឋវិលត្រលប់ពីប្រទេសក្រៅ ដោយសារការរត់ចេញពី COVID-19 និងត្រលប់មកពីគ្រប់ទិសទីទាំងអស់ក្នុងប្រទេសដែលរងផលប៉ះពាល់ដោយសារ COVID-19 ក្នុងបំណងជួយ ដោះស្រាយការងារជូនបងប្អូនប្រជាកសិករ កម្មករ ឲ្យមានការងារធ្វេីនិងបានប្រាក់កម្រៃក្នុងពេលដែលពួកគាត់ត្រឡប់មកភូមិ ឃុំស្រុករបស់ពួកគាត់វិញ បងប្អូនប្រជាពលរដ្ឋមានការសប្បាយរីករាយណាស់ដែលពួកគាត់មិនត្រឹមតែទទួលបានការងារ និងប្រាក់កម្រៃប៉ុណ្ណោះទេថែមទាំងបានសមិទ្ធិផលប្រឡាយទឹក នាំទឹកដល់ស្រែពួកគាត់ នឹងបឹងបួ អូរធម្មជាតិរបស់ពួកគាត់ដែលខំរក្សាទុកតាំងពីដូនតាមកក៏បានបន្តស្តាររៀបចំវិចខ្ទប់ទឹក បោះបង្គោលព្រំ និងចុះបញ្ជីទុកជាសារពេីភ័ណ្ឌរបស់រដ្ឋទៀតផង ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖